ព័ត៌មានជាតិ

សភាកំណត់ថ្ងៃ២៤ មិថុនា ប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ធ្វើប្រធានគ.ជ.ប ថ្មី

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា ក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានអនុម័តរបៀបវារៈមួយចំនួនទៀត សម្រាប់សម័យ ប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ មិថុនាផងដែរ រួមមាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។

ប្រភពបន្តថា ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមានលោក ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស លោក ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងលោក ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស លោក ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតជ្រើសតំាង លោកស្រី ពៅ សុភាព ជាសមាជិកគណៈ កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ៕

To Top