ព័ត៌មានជាតិ

ទូតជប៉ុន សង្ឃឹមថា អ្នកស្ម័គ្រចិត្ត JICA ៤រូប នឹងរួមចំណែក អភិវឌ្ឍកម្ពុជា បន្ថែមទៀត

ភ្នំពេញ ៖ លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាសង្ឃឹមថា សកម្មភាពអ្នកស្ម័គ្រចិត្ត JICA ចំនួន៤រូប នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា បន្ថែមទៀត ជាពិសេសនោះ ពង្រឹងមិត្តភាពរវាងជប៉ុន-កម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្មីៗនេះ អ្នកស្ម័គ្រចិត្ត JICA ចំនួន៤រូប ចូលជួបសម្តែងការគួរសមជាមួយ លោកឧបទូត ការិម៉ាតា។

អ្នកស្ម័គ្រចិត្ត JICA នឹងចាប់ផ្តើមធ្វើការក្នុងពេលឆាប់ៗនេះ ទៅលើវិស័យផ្សេងៗ ដូចជា ការថែទាំការហែលទឹក ការអប់រំក្នុងថ្នាក់បឋមសិក្សា វិទ្យាសាស្ត្រអប់រំ នៅខេត្តស្វាយរៀង កំពង់ចាម បាត់ដំបង កំពង់ឆ្នាំង ឬភ្នំពេញ ក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ។

លោកឧបទូត ការិម៉ាតា បានបញ្ជាក់ថា «សម្តែងក្តីសង្ឃឹមថា សកម្មភាពរបស់ពួកគាត់នឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ហើយនឹងពង្រឹងមិត្តភាពរវាង ជប៉ុននិងកម្ពុជា ផងដែរ។ យើងសូមជូនពរឲ្យពួកគាត់ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្ម»។

សូមរំលឹកថា អ្នកស្ម័គ្រចិត្ត JICA ចំនួន៤រូប នេះ ត្រូវបានបញ្ជូនឲ្យមកកម្ពុជា នៅឆ្នាំ២០១៩ ដោយសារបញ្ហាជំងឺកូវីដ១៩ មាន៣រូប ក្នុងចំណោមពួកគាត់ បានមកដល់ប្រទេសកម្ពុជាម្តង ប៉ុន្តែត្រូវត្រឡប់ទៅប្រទេសជប៉ុន នៅពាក់កណ្តាលអាណត្តិ ហើយម្នាក់ ក្នុងចំណោមពួកគាត់មិនអាចទាំងចាកចេញពីប្រទេសជប៉ុន បានទៀតផង។ នៅខែនេះ ពួកគាត់បានត្រឡប់មកប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមបេសកកម្មឡើងវិញ៕

To Top