ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ អំពើប្រមាថព្រះមហាក្សត្ររបស់ សម រង្ស៊ីនឹងធ្លាក់នរកអវចី១៦ និងជាប់គុកជាង១០០ឆ្នាំ(Videos)

ភ្នំពេញ ៖ ក្រោយពីលោក សម រង្ស៊ី បានប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើតាមផ្លូវធម៌បុគ្គលសម រង្ស៊ី នឹងត្រូវធ្លាក់នរកអវចី១៦ជាន់ ហើយតាមផ្លូវច្បាប់ជាប់គុកជាង១០០ឆ្នាំ ។

យោងតាមបណ្តាញតេឡេក្រាម នាថ្ងៃ២២ មិថុនា លោក សុខ ឥសានបានឲ្យដឹងថា “អំពើប្រមាថដល់អង្គព្រះមហាក្សត្រដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បានប្រព្រឹត្ត បើតាមច្បាប់ និងផ្លូវធម៌ គឺមនុស្សនេះត្រូវធ្លាក់ទៅអវចី១៦ជាន់ឯណោះ ។ តាមសាលក្រមតុលាការ ទណ្ឌិតរូបនេះ ត្រូវជាប់គុកជាង១០០ឆ្នាំដែលល្មមចុះនរកក្នុងគុកហើយ” ។ ជនក្បត់ជាតិសួពូជនេះ ធ្លាប់ស៊ីបាយវាំង រស់នៅមានតួនាទីដោយបារមីព្រះបរមរាជវាំង តែនៅទីបំផុតប្រមាថអង្គព្រះមហាក្សត្រមិនខុសអីនឹងឆ្កែកន្ទុយខ្វៀនឡើយ”។

លោកសុខ ឥសាន ដែលបានហៅលោក សម រង្ស៊ីជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាជនក្បត់ជាតិនោះថា ដោយសារ លោក សម រង្ស៊ីភ្លេចជាតិកំណើតខ្លួនអស់ ទើបមានមាយាទប្រមាថមើលងាយជាតិសាសន៍ខ្មែរឯង ព្រមទាំងប្រមាថមើលងាយព្រះចេស្តារព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនខ្មែរ ។

លោកបន្តថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់ឲ្យព្រះមហាក្សត្រទ្រង់រំលោភរដ្ឋធម្មនុញ្ញហើយ ទើបពេញចិត្ត ។ តែទោះយ៉ាងណា លោកថា អង្គព្រះមហាក្សត្រទ្រង់ប្រតិបត្តិរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន ទើបបានជាទណ្ឌិតមេឧទ្ទាមក្បត់ជាតិមិនពេញចិត្ត ហើយប្រមាថព្រះមហាក្សត្រម្តងហើយ ម្តងទៀតផ្ទួនៗ ដោយអត់ញញើត ។
លោក សម រង្ស៊ីតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២២ មិថុនា បានលើកឡើងថា “ស្តេចយើងសព្វថ្ងៃមិនត្រឹមតែឥតប្រយោជន៍ទេ តែអនុញ្ញាតឲ្យគេយកឈ្មោះទៅធ្វើបាបយុវជនការពារបរិស្ថាន ដោយចោទប្រកាន់ថា យុវជនទាំងនោះ បានប្រមាថព្រះមហាក្សត្រ។ ស្តេចសព្វថ្ងៃ ជាស្តេចអាយ៉ង គ្មានបានការដែលចាយវាយលុយជាតិ បានមកពីញើសឈាមប្រជារាស្ត្រយ៉ាងសន្ធឹកសន្ធាប់ ដើម្បីគ្រាន់តែប្រថាប់ត្រា និងធ្វើបាបរាស្ត្រតាមចិត្ត”។

សូមបញ្ជាក់ថា យុវជន៣នាក់ដែលគេដឹងជាអ្នកការពារបរិស្ថានត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ថា ក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ ៕

To Top