ព័ត៌មានជាតិ

សមាជិកសភា៨២រូប កំពុងប្រជុំពេញអង្គ បោះឆ្នោតផ្តល់ សេចក្តីទុកចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ថ្មី

ភ្នំពេញ ៖ ដូចជាការគ្រោងទុក សមាជិករដ្ឋសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចំនួន៨២រូបបានបើកសម័យប្រជុំពេញ អង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោកប្រាជ្ញ ចន្ទ ឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ថ្មីជំនួស លោក ស៊ិក ប៊ុនហុក លាលែងពីតំណែង និងរបៀបវារៈមួយចំនួនទៀត។

សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមប្រជុំពីសមាជិក សមាជិកាចំនួន៨២រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

របៀបវារៈដែលនឹងលើកមកក្នុងសម័យប្រជុំមានដូចតទៅ ៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ។
២-របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។
៣.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃរដ្ឋសភា នីតិកាលទី៦ ចំនួន២រូប ៖ លោក ខឹម ច័ន្ទគីរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប៉ សុវណ្ណបានសុំលាលែង។ លោក ម៉ន កួន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ បានសុំលាលែង ។

៤-ការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
៥-ការបោះឆ្នោតជ្រើសតាំងលោកស្រី ពៅ សុភាព ជាសមាជិកគណៈកម្មការ នីតិកម្ម និងយុត្តិធម៌។
៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យក្រុមហ៊ុន ស្លេថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ ។
៧.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
៨-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនអគ្គិសនីវៀតណាសម្រាប់ធានាលើការទិញថាមពល អគ្គិសនីពីវៀតណាម ។
៩-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យក្រុមហ៊ុន ឆាយ ណាណេសិន ណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍ វារីអគ្គិសនីស្ទឹងតាតលើអានុភាព១៥០ មេហ្គាវ៉ាត់ ខេត្តកោះកុង ៕

To Top