នយោបាយ

ព្រះមហាក្សត្រ សរសើររដ្ឋសភា អនុម័តច្បាប់ជាច្រើន បម្រើឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ ៖ ក្នុងឱកាសរដ្ឋសភា បើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនសម័យប្រជុំសភា ដោយព្រះអង្គបានសម្តែង ការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែង របស់ស្ថាប័ន នីតិប្បញ្ញត្តិ ដែលមានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ច ក្នុងការពិនិត្យ ពិភាក្សា អនុម័តច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្រប ទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូរថា អង្គសភាបានពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ទំាងឡាយ បានហ្មត់ចត់និងទាន់ពេលវេលា ជាពិសេសសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ត្រូវបានអនុម័ត ជាការប្រញាប់ ដើម្បីឲ្យប្រើប្រាស់ក្នុងស្ថានការណ៍ ពិសេសដែលកម្ពុជាកំពុងរាតត្បាត ដោយជំងឺឆ្លងក្នុង សហគមន៍ជាបន្តបន្ទាប់។

ព្រះករុណាជាអម្ចាស់ បានកត់សម្គាល់ថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក ស្មុគស្មាញនាអំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាង សាហាវទូទំាងសកល លោកនេះសម្តេច ហេង សំរិន និងថ្នាក់ដឹកនាំ សមាជិកសមាជិកាទំាងអស់ បានខិតខំយកកម្លំាង កាយចិត្ត ជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាកនិងរាល់បញ្ហារបស់រួមជាតិ ជាពិសេសសម្តេច បានរួមចំណែក ជាមួយរាជរដ្ឋាភិបាល យ៉ាងសកម្មក្នុងរាល់កិច្ចប្រតិបត្តិការ ដោះស្រាយទប់ស្កាត់ មានរួមទំាងការផ្សព្វផ្សាយ រាល់វិធានការរបស់ក្រសួងសុខាភិបាល និងការចាក់វ៉ាក់សំាងទៀតផង។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភាបានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេល ប្រមាណជា៣ខែ។ ក្នុងសម័យប្រជុំមានរបៀបវារៈចំនួន៩ ក្នុងនោះបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តបេក្ខភាពប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ជំនួសប្រធានចាស់បានលាលែងផងដែរ ។ វត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំមានចំនួន៨២រូប ។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ របស់ព្រះមហាក្សត្រក៏បានថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិនានា ដែលបានរួមសហការយ៉ាងល្អ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ព្រះអង្គបានកោតសរសើរ យ៉ាងក្រៃលែង ចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង ក្នុងការកៀរគរមូលនិធិ និងជំនួយវ៉ាក់សំាងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ៕ ស សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top