នយោបាយ

ចិនចែកចាយ វ៉ាក់សាំង ជាង៣៥០លានដូស ដល់ដៃគូសហការសាកល និងធានាថា អ្នកណាក៏អាចទទួល បានវ៉ាក់សាំងដែរ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា មកទល់ថ្ងៃនេះ ចិនបានចែកចាយវ៉ាក់សាំងជាង ៣៥០លានដូស ទៅដល់ ដៃគូសហប្រតិបត្តិការសាកល និងប្ដេជ្ញាចិត្តក្នុងការធានាថា អ្នកណាក៏អាចទទួលបានវ៉ាក់សាំងដែរ ។

តាមរយៈសុន្ទរកថាថ្លែងក្នុងសន្និសីទ ជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវក្រោមប្រធានបទ «ការលើកកម្ពស់កិច្ច សហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» កាលពីថ្ងៃទី២៣ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រាកដណាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពជាដៃគូ ពិតជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាព រស់រវើក និងរួចផុតពីវិបត្តិសេដ្ឋកិច្ច-សង្គមដែល បង្កឡើងដោយជំងឺរាតត្បាតនេះ។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែង របស់ចិនដែលឈានមុខគេនៅក្នុងវ៉ាក់សាំងពហុភាគី និយម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំង។ មកទល់ពេលនេះចិនបាន ចែកចាយវ៉ាក់សាំងជាង ៣៥០លានដូស ទៅដល់ដៃគូសហប្រតិបត្តិការសាកល។ ដោយប្ដេជ្ញាចិត្តក្នុងការធានាថា អ្នកណាក៏អាចទទួលបានវ៉ាក់សាំងដែរ ចិន បន្តគាំទ្រក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងរួមគ្នា ជាមួយប្រទេសកំពុងអភិវឌ្ឍនានាផងដែរ។ ជាមួយនឹងការ ប្តេជ្ញាចិត្តដ៏រឹងមាំទាំងនេះ យើងអាចមើលឃើញនូវអនាគត នៃពិភពលោកមួយដែលមាន សុវត្ថិភាពជាងពេលបច្ចុប្បន្ន» ។

ចំពោះការរំពឹងទៅថ្ងៃអនាគត នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកនូវគំនិតមួយចំនួនដូចតទៅ៖

ផ្ទាំងពាណិជ្ជកម្ម

១.ត្រូវពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការផលិត និងការចែកចាយវ៉ាក់សាំង ឱ្យកាន់តែប្រកបដោយបរិយាប័ន្ន និងសមធម៌ ហើយគួរចៀសវាងការយកជំងឺរាតត្បាត សកលមកធ្វើជាឧបករណ៍នយោបាយ។

២.ការកសាង «សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ» មិនមែនគ្រាន់តែជា ពាក្យស្លោក នយោបាយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជាកិច្ចសហប្រតិបត្តិការអន្តរជាតិ។

៣.ត្រូវរក្សាឲ្យបានប្រព័ន្ធពាណិជ្ជកម្ម និងវិនិយោគ ពហុភាគី ដែលឈរលើមូលដ្ឋានច្បាប់ ព្រមទាំងមានលក្ខណៈបើកចំហ និងបរិយាប័ន្ន។

៤.ត្រូវផ្តល់ធនធានបន្ថែមទៀតក្នុងការគាំពារសង្គម។ ការគាំពារសង្គមនេះ មិនមែនជាការចំណាយ ឬជាការអូសបន្លាយនូវ វិបុលភាព នោះឡើយ ក៏ប៉ុន្តែផ្ទុយទៅវិញ ជាការវិនិយោគទៅលើប្រជាជន៕

To Top