ព័ត៌មានជាតិ

ប្រមុខការទូត កម្ពុជា-អង់គ្លេស ឯកភាពជំរុញ លើកទឹកចិត្ត វិនិយោគិន អង់គ្លេស ឲ្យជ្រើសយក កម្ពុជា ជាគោលដៅ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានឯកភាពជំរុញលើកទឹកចិត្ត ដល់វិនិយោគិនអង់គ្លេស ឲ្យធ្វើការជ្រើសរើស យកប្រទេសកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នៅថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា លោក ដូមីនិក រ៉ាអាប់ បានមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី២៣ មិថុនា ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ។ ក្នុងអំឡុងពេលទស្សនកិច្ចលោក ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

នៅក្នុងជំនួបទ្វេភាគី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនលោក ដូមីនិក រ៉ាអាប់ អំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗ នៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរ គុណដល់ រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើ វិស័យអប់រំ ការ បោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា «រដ្ឋមន្រ្ដីការបរទេស ទាំងពីរ បានឯកភាពលើភាពចាំបាច់ ក្នុងការផ្សព្វផ្សាយអំពីឱកាស ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើក ទឹកចិត្តដល់វិនិយោគិន ចក្រភពអង់គ្លេស ច្រើនថែមទៀតឲ្យធ្វើការជ្រើសរើស យកប្រទេសកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណា ទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារ ពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ។ ក្នុងន័យនេះ ភាគីទាំងពីរបានគិតគូរពិចារណា បង្កើតឱ្យមានអនុស្សារណៈនៃ ការយោគយល់គ្នាស្តីពី ការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)» ។

ក្នុងក្របខ័ណ្ឌអាស៊ានលោក ប្រាក់ សុខុន បានជម្រាបជូន លោក ដូមីនិក រ៉ាអាប់ អំពីការ ត្រៀមរៀបចំធ្វើជា ប្រធានអាស៊ាន នៅឆ្នាំ២០២២ របស់កម្ពុជាដែលផ្តោតជាសំខាន់ទៅលើការ លើកកម្ពស់មជ្ឍភាព និងឯកភាពអាស៊ាន ការពន្លឿន ការស្តារឡើងវិញ ក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការពង្រឹង សុខុមាលភាព សាធារណៈ ។ លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ ចំពោះចំណាប់អារម្មណ៍ ដ៏ជ្រាលជ្រៅ របស់អង់គ្លេស ក្នុងការសុំបង្កើត ភាពជាដៃ គូសន្ទនា ជាមួយ អាស៊ាន ហើយលោកបានបញ្ជាក់ អំពីការគាំទ្ររបស់កម្ពុជា ចំពោះសំណើសុំរបស់អង់គ្លេស អាស្រ័យដោយអង់គ្លេសតែង តែមានទំនាក់ទំនង យ៉ាងសកម្មជាមួយអាស៊ាន ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមមាន សេចក្តីព្រាងក្រមប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់ប្រទេស មីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញនិងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូ និងបច្ចេកវិទ្យានានាដែលដើរតួនាទីដ៏សំខាន់។ ភ្ជាប់ជាមួយបញ្ហានេះលោក ប្រាក់ សុខុន បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុង Glasgow ។

លោក ដូមីនិក រ៉ាអាប់ បានអះអាងជាថ្មី នូវការគាំទ្ររបស់អង់គ្លេស សម្រាប់កិច្ចប្រជុំកំពូល ASEM13 ដែលនឹងរៀបចំដោយកម្ពុជា នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

To Top