ព័ត៌មានជាតិ

តំណាង WHO ប្រចាំកម្ពុជា អះអាងថា​ មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ ទៅរកការធ្វើតេស្ត រកអង់ទីគ័រ ការពារជំងឺកូវីដ១៩ (Video)

ភ្នំពេញ ៖ តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា (WHO) ថ្លែងថា គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រ ក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំង ដែលកម្ពុជា កំពុងចាក់ជូនប្រជាពរដ្ឋ នាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាព ពិភពលោកទទួល ស្គាល់និងបាន ដាក់ចូលក្នុងបញ្ជី ប្រើប្រាស់បន្ទាន់ ក្នុងគ្រាអាសន្នរួចហើយ ។ នេះបើយោងតាម កាចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

លោកស្រី លី អាយលែន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្ត រកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ គឺអង្គការ សុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ ដល់ប្រជាពលរដ្ឋ ឱ្យទៅទិញឧបករណ៍ ធ្វើតេស្តរកអង់ទីគ័រ នោះទេ ហើយឧបករណ៍ធ្វើតេស្ត រកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ ពីអង្គការ WHO ដែរ។

លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការ សុខភាពពិភពលោក ទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ក្នុងគ្រាអាសន្ន ។ ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកា ដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ ខណៈអ្វីដែលចាំបាច់ នៅក្នុងពេលនេះ គឺត្រូវទៅចាក់វ៉ាក់សាំង នឹងត្រូវអនុវត្តតាមវិធានការ សុខាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមក ដើម្បីការពារការចម្លងនៃជំងឺ ដ៏កាចសាហាវមួយនេះ ។

លោកស្រីបញ្ជាក់ថា « អង្គការសុខភាពពិភពលោក គឺមិនបានផ្ដល់អនុសាសន៍ទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងការប្រើប្រាស់នូវ ការធ្វើតេស្តរហ័ស ដើម្បីរុករកអង់ទីគ័រ ដែលបញ្ជាក់ ពីប្រព័ន្ធការពារ នៅក្នុងរាងកាយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។ មួយទៀតគឺថា រាល់វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធតែបានទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក ដែលហៅថាប្រើប្រាស់ នៅក្នុងបញ្ជី នៃការ ប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយសុទ្ធតែបានធ្វើការបញ្ជាក់តាម លក្ខណៈវិទ្យាសាស្រ្ត ហើយឆ្លងកាត់នូវការ សិក្សាជាច្រើនទាក់ទង ទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់ សាំងបានន័យថា រាល់វ៉ាក់សាំងដែល កំពុងប្រើប្រាស់គឺជាវ៉ាក់សាំង ដែលមានគុណភាព និងទទួលស្គាល់ ពីអង្គការសុខភាពពិភព លោកផងដែរ»។

គូរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវ យ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវ នាំគ្នាទៅធ្វើតេស្តរកអង់ទីគ័រ ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់ ឧបករណ៍តេស្តរហ័សខុសច្បាប់នេះ ជាដាច់ខាត និងត្រូវតែបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការ ពារដែលបានដាក់ ចេញដោយ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល ពីមួយម៉ែត្រកន្លះ ឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីការពារការចម្លងជំងឺ ដ៏កាចសាហាវកូវីដ-១៩៕

To Top