ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទី សាធារណៈ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញឲ្យពង្រឹងការអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទីសាធារណៈជាដាច់ខាត ។

ក្នុងកិច្ចប្រជុំនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឲ្យមានការជួបជុំគ្នាពពាក់ពពូនផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

លោក ឃួង ស្រេង បានលើកឡើងថា “ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ប៉ូលីស និងកងរាជអាវុធហត្ថត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឲ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួន ដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏មិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

លោកបន្តទៀតថា បំពោះការធ្វេសប្រហែស បណ្តោយឲ្យមានអាជីវកម្មខាងលើ បង្កផ្ទុះឡើងនូវជំងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវ ដោយខ្លួនឯង។

ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា អ្នកមិនទាន់បានចាក់វ៉ាក់សាំង រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់នៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ មិថុនានេះ រហូតដល់ថ្ងៃ៨ កក្កដា ៕

To Top