ព័ត៌មានជាតិ

លោកស្រី Victoria Kwakwa ៖ WB រួមចំណែក ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ស្តារសេដ្ឋកិច្ច​ ឡើងវិញ

ភ្នំពេញ ៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានឲ្យដឹងថា ធនាគារពិភពលោក នឹងរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Victoria Kwakwa បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យ៉ាង សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រង បញ្ហានៃវិបត្តិជំងឺវីដ-១៩។ លោកស្រី ក៏អបអរសារទរ ចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់ សម្រាប់ធានាការចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងឆាប់រហ័ស ។ លោកស្រី បានវាយតម្លៃ ខ្ពស់ចំពោះផែនការ ស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដែលមានលក្ខណៈច្បាស់លាស់ ប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ ។

លោកស្រីបញ្ជាក់ថា «ជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្រ រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួល ឯកសារក្របខ័ណ្ឌ នៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឲ្យឆ្លើយតបទៅនឹង បរិការណ៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ និងស្របតាមផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា»។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៍ល្អ និងស្វាគមន៍ចំពោះ ការចូលរួមចំណែក របស់ធនាគារពិភពលោក នៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី រៀបរាប់ពីផែនការយុទ្ធសាស្ត្រ នៃការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពីកូវីដតាមរយៈអភិក្រម ចំនួន៣រួមមាន ៖ ទី១-ការស្តារ (Recovery) ផ្តោត ទៅលើវិស័យសុខាភិបាល ,ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន ,គោលនយោបាយសារពើពន្ធ វិស័យកសិកម្ម, វិស័យទេសចរណ៍ ,វិស័យកាត់ដេរ ,ទី២-ការកែទម្រង់ (Reform) សំដៅលើការកសាងមូលដ្ឋានគ្រឹះ រឹងមាំសម្រាប់ កំណើន ,ពិពិធកម្ម ,ភាពប្រកួតប្រជែង និងទី៣-ភាពធន់ (Resiliency) ផ្ដោតទៅលើវិស័យ ឌីជីថល ,ការអភិវឌ្ឍ វិស័យសហត្រាសធុនតូច និងមធ្យម ,ការអភិវឌ្ឍជំនាញ ,ការស្តារសេដ្ឋកិច្ចឡើងវិញលក្ខណៈបៃតង និងការពង្រឹង ប្រព័ន្ធគាំពារសង្គម។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន ៤៦.០៦៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤០.៧៦៩នាក់ និងស្លាប់ ចំនួន ៥០៩នាក់៕

To Top