នយោបាយ

ទំនាស់លើ​ សមុទ្រចិនខាងត្បូង ជាដុំសាច់មហារីក មិនអាចវះកាត់ យកចេញបាន ពីបំពង់ក របស់វៀតណាម

ភ្នំពេញ ៖ ទំនាស់លើសមុទ្រចិនខាងត្បូង ជាដុំសាច់មហារីក ដែលមិនអាចធ្វើការវះ កាត់យកចេញបាន ពីបំពង់ករបស់វៀតណាម ។ នេះជាអត្ថបទ របស់លោក ហើស សិរីធន់ អ្នកស្រាវជ្រាវ និងតាមដានប្រវត្តិសាស្រ្ត ក្នុងតំបន់ និងពិភពលោក។

លោក ហើស សិរីធន់ បានរៀបរាប់ថា មួយសតវត្សរ៍ នៃការឈឺចាប់របស់ប្រជាជាតិចិន មូលបទចម្បង ដែលនាំឲ្យចិនមានមហិច្ឆតា ចង់កាន់កាប់ សមុទ្រចិនខាងត្បូងនេះ ដោយវត្តមានរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន មិនខុសអ្វីទៅនឹងវត្តមាន របស់សហរដ្នអាមេរិក នៅក្នុងតំបន់សមុទ្រ Caribbean នាសតវត្សរ៍ទី១៩អីចឹងដែរ។ ដោយពេលនោះ ទោះបីជាសហរដ្នអាមេរិកបានទទួលស្គាល់វត្តមាន និងការអះអាងអំពីអធិប្បាយភាព របស់ពួកមហាអំណាចអឺរ៉ុបនៅក្នុងតំបន់សមុទ្រ Caribbean នេះក៏ដោយ ក៏អាមេរិកនៅតែ ស្វែងរកគ្រប់វិធានការ ដើម្បីធ្វើការត្រួតត្រាគ្រប់គ្រង មកលើតំបន់សមុទ្រ Caribbean នេះឲ្យបាន និងក៏ដើម្បីរុញពួកចក្រព័ត្រ្តអឺរ៉ុប ទាំងនេះឲ្យស្ថិតឆ្ងាយពីព្រំដែនគោគ និងដែនសមុទ្រ របស់អាមេរិក ។

ការដណ្តើមឥទ្ធិពល ដើម្បីត្រួតត្រាមកលើដែនសមុទ្រនេះ បាននាំឲ្យមានសង្គ្រាម រវាងអាមេរិក ជាមួយនិងពួកអេស្ប៉ាញ នាឆ្នាំ១៨៩៨ និងរួមតាំង មានការជំរុញ ឲ្យមានការកាសាងព្រែកជីក Panama ឲ្យបានចាប់តាំងពីបណ្តាឆ្នាំ១៩០៤ ដល់ ១៩១៤ ទៅដែលការកសាងព្រែកជីកPanama នេះបានធ្វើឲ្យសហរដ្នអាមេរិក កាន់តែមានសិទ្ធិអំណាច លើតំបន់អឌ្ឍគោលខាងកើត យ៉ាងពេញលេញ និងមានប្រសិទ្ធភាពទៀតផង មកលើតំបន់មួយនេះទាំងមូល ។

បច្ចុប្បន្នចិនកំពុង ស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូចករណីអាមេរិកក្នុង១០០ឆ្នាំមុន ដែលអាមេរិកបានអុងអាត់ វាតទី នៅលើសមុទ្រ Caribbean អីចឹងដែរ ។

បច្ចុប្បន្ន ចិនបានកាន់កាប់ជាយោធា មកលើកោះតូចៗនៅសមុទ្រ ចិនខាងត្បូងចំនួន៨ បើវៀតណាមវិញ បានកាន់កាប់២៥ កោះ ហ្វីលីពីនកាន់កាន់៨កោះ ម៉ាទ្បេស៊ីកាន់កាប់៥កោះ និងតៃវ៉ាន់កាន់កាប់តែកោះ១ តែជាកោះដែលធំជាងគេបំផុត នៅលើតំបន់សមុទ្រចិនខាងត្បូងនេះ ។

ភាពរឹងរុស ដាច់ខាតក្នុងការវាតទីរបស់ចិន មកលើតំបន់នេះជាសក្ខីកម្មមួយរបស់ចិន ចង់បង្ហាញឲ្យពួកចក្រព័ត្រ្ត អាណានិគមលោកខាងលិច ឈប់មើលងាយមកលើប្រជាជាតិចិន ចាប់ពីពេលនេះតទៅ ។

សមុទ្រចិនខាងត្បូង ជាផ្ទះបាយរបស់ចិន មានប្រទេសខ្លះបាននិងកំពុងប្រលែងលេង ជាមួយភ្លើង ហើ យសង្ឃឹមថា ភ្លើងនោះ នឹងមិនឆាបឆេះរីករាលដាល ទៅដល់អាមេរិកឡើយ ដោយចិនបានប្រាប់ទៅបណ្តា ប្រទេសពាក់ព័ន្ធថាកោះ Paracel និងប្រជុំកោះ Spratlys ជារឿង fait accompliអង្ករបានក្លាយទៅជាបាយហើយ ដោយពុំចាំបាច់ ជួបចរចាដោះស្រាយអ្វីទៀតឡើយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top