នយោបាយ

លោក សយ សុភាព ៖ កុំដេកសុបិន្តថា ពួកបរទេស ដូច អាឡិច ស្រលាញ់ខ្មែរឲ្យសោះ

ភ្នំពេញ ៖ លោក សយ សុភាព បានផ្ញើសារទៅកាន់យុវជន៣នាក់ ដែលពួកគេអះអាងខ្លួនឯង ជាអ្នកការពារបរិស្ថាន ត្រូវបានតុលាការចោទប្រកាន់ថា ក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រថា មនុស្សដូច លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ មិនមែនជាអ្នកស្រឡាញ់ខ្មែរ ពិតប្រាកដទេ គឺមានតែខ្មែរប៉ុណ្ណោះ ទើបស្រឡាញ់ជាតិសាសន៍ពិត។

យុវជន៣នាក់មាន ៖ កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុធ ជាសមាជិកអង្គការមាតាធម្មជាតិ ត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារព្រៃស ពីបទចោទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» កាលពីថ្ងៃ២៣ មិថុនា ។

យុវជន៣នាក់នេះ ត្រូវបានគេដឹងថា មានអាឡិច ជាអ្នកនៅពីក្រោយ ។ លោក សយ សុភាពក៏បានឲ្យយុវជនទាំង៣រូបនេះ សារភាពកំហុសនៅ ចំពោះមុខថ្នាក់ដឹកនាំ ទើបរួចផុតពីសេចក្តីទុក្ខ ។

លោក សយ សុភាព បានលើកឡើងនាថ្ងៃ២៥ មិថុនាថា ត្រូវយល់ឲ្យ ដល់ទីជម្រៅហេតុអ្វីគេ ចាត់តាំងអាឡិចចេះខ្មែរច្បាស់ ឲ្យធ្វើសកម្មភាព វាយប្រហាររិះគន់ខ្មែរ លើបញ្ហាព្រៃឡង់ អារ៉ែង ដោយសារពួកឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំងចិនព្រោះពួកគេដឹងថា នេះជាផែនការប្រ៊ី ដែលចិនកសាងពហុហេដ្ឋា រចនាសម្ព័ន្ធ រហូតដល់កំពង់ផែរាមតារាសាគរ។

លោកថា “ខ្ញុំពិតសោកស្តាយដែលកូនខ្មែរលង់នឹងពាក្យថែរក្សាបរិស្ថាន អភិរក្សសត្វព្រៃ រហូតដល់ត្រូវជាប់គុក ដោយសារតែភាព ល្ងង់ខ្លៅ ចាញ់បោកពួកអ្នកទាំងនេះ ។ តាមពិតមហាអំណាចប្រឆាំងគ្នា ដណ្តើមឥទ្ធិពលកាន់កាប់តំបន់ និង ពិភពលោក ។ ខ្ញុំធ្លាប់បាននិយាយរាប់ឆ្នាំ មុនហេតុការណ៍កើតឡើង តែអ្នកបរិស្ថានទាំងនោះជេរខ្ញុំទៅវិញ។ ឥឡូវហេតុការណ៍មកដល់ហើយៗ វានឹងកើតឡើង នូវរូបភាពផ្សេងៗទៀត។ ខ្ញុំមិនចង់ឃើញ ប្អូនៗចាញ់ឧបាយកលពួកបរទេសបែបនេះទេ។ ពួកនេះមិនបោះបង់ផែនការបំផ្លាញប្រទេសជាតិយើងទេ”

លោកថា អាណាព្យាបាល និងបុគ្គលផ្ទាល់ ត្រូវបញ្ចប់ភាពល្ងង់ខ្លៅ ហើយសារភាពទោសកំហុស ជូនថ្នាក់ដឹកនាំជាតិ ទើបប្អូនៗមានសេចក្តីសុខរួចចាកផុត ពីបរទេសដ៏លាមកបែបនេះ ។ ប្អូនត្រូវយល់ថា សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្តិភាពខិតខំ ដើម្បីសេចក្តីសុខ របស់ប្រជាជន និង ប្រទេសជាតិ។
ប្អូនត្រូវយល់ថា ២៩ ធ្នូ ១៩៩៨ ជាថ្ងៃដែលខ្មែរស្គាល់សន្តិភាព និងកសាងប្រទេស ក្រោយខ្មែរធ្លាក់ខ្លួន ពីសម័យមហានគរ ។ ប្អូនៗត្រូវចាំថា គ្មានបរទេសណាមកអុងអាត់ លើរដ្ឋអធិបតេយ្យខ្មែរបានទេ សូម្បីតែចិនក៏គោរពអធិបតេយ្យខ្មែរដែរ ៕

To Top