ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ណែនាំអាជ្ញាធរ ពង្រឹងវិធានការ ចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែន

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងណែនាំអភិបាល ខេត្តស្វាយរៀង ពីការពង្រឹងវិធានការចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាក្នុងសហគមន៍។

ការថ្លែងណែនាំបែបនេះ ខណៈលោកស្រី បានផ្តល់ស្បៀង ជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ៣វត្ត ស្ថិតនៅក្នុងភូមិត្របែកប្រហោង សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃ២៧មិថុនា ឆ្នាំ២០២១។

លោកស្រី ក៏បានថ្លែងនូវការកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ នៅទូទាំងខេត្តបានយ៉ាងល្អ ។ 

លោកស្រី ក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រូវយកចិត្តិទុក្ខដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ស្របតាមអានុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។  ចំណែកឯរដ្ឋបាលស្រុក ត្រូវបានផ្តោតការយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញចូល ក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

អំណោយដែលផ្តល់ជូន ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ត្រីខ ៦ដប ម៉ាស់ ១ដុំ អាល់កុល ១ដប ។ 

ជាមួយគ្នានេះលោកស្រី ម៉ែន សំអន ក៏បាននាំយកទៀនព្រះវស្សា និងទេយវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ត ក្នុង១វត្តទទួលបាន ៖ ទៀនធំ១គូ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ខ្ទឹមស ២គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកត្រី ១២ដប ទឹកដោះគោ ១កេស ត្រីខកំប៉ុង ១កេស ទៀនតូច ២ដុំ ធូប ២ដុំ នំអន្សម ១កន្រ្តក ផ្លែឈើ ១កន្រ្តក ម៉ាស់ ២ប្រអប់ អាល់កុល ៣០លីត្រ ថវិកា ១លានរៀល ៕

To Top