ព័ត៌មានជាតិ

សម្ដេច ហេង សំរិន អំពាវនាវឲ្យគណៈកម្មាធិការបក្សប្រជាជន បន្ដលើកកម្ពស់ស្នេហាជាតិ ស្រឡាញ់ប្រជាជន និងឯកភាពផ្ទៃក្នុង

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំង បន្តចូលរួមសកម្មកសាងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ។

តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ហេង សំរិន មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្ម ក្នុងការកសាងគណបក្សឲ្យ កាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់ គណបក្សឲ្យសម្រេចបានសមិទ្ធផលធំៗ និងថ្មីៗថែមទៀត»។

សម្ដេចបន្ដថា សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ។ សម្ដេចថា ទោះបីកម្ពុជា បានធ្វើដំណើរ៧០ឆ្នាំមកហើយ តែបេសកកម្មរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើ កសាង ការពារទឹកដី និងប្រជាពលរដ្ឋ នៅមិនទាន់ចប់នៅឡើយទេ។

សម្ដេច ក៏បានណែនាំ ជនរួមជាតិបន្តដំណើរជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ ដែលកម្ពុជាទទួលបាន ដោយលំបាកនាពេលបច្ចុប្បន្ន សំដៅ រួមគ្នា កសាង អភិវឌ្ឍន៍ប្រទេសជាតិ ទៅមុខទៀត ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅ នៅគ្រប់ជំនាន់ក្រោយៗទៀតជារហូតទៅ។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាតស៊ូប្រឆាំង របបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ បានចូលរួមយ៉ាងសកម្ម ក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ គណបក្ស បានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ពីភ្លើងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះប្រទេសជាតិ ចេញផុតពីរបបដ៏សាហាវយង់ឃ្នង ប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ ៕

To Top