ព័ត៌មានជាតិ

កម្ពុជា គាំទ្រ USAID ស្នើសុំថវិកាពីអាមេរិក ៣លានដុល្លារ ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Video)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រទីភ្នាក់ងារ USAID ស្នើសុំថវិ កាពីអាមេរិក ចំនួន៣លានដុល្លារ យកមកអនុវត្តគម្រោង ស្តីពី ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Cold Chain Logistic System) ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID បានថ្លែងថា «ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងចំនួនទឹកប្រាក់៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ»។

ជាការឆ្លើយតប លោករដ្ឋមន្ដ្រីកសិកម្ម បានគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

ផ្ទាំងពាណិជ្ជកម្ម

លោក បញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។

ជាងនេះទៅទៀត លោកក៏បានស្នើសុំទៅទីភ្នាក់ងារ USAID ថា រាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេស ស្របតាមបរិបទ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩៕

To Top