ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាថែរក្សាទំនាក់ទំនងមិត្តភាពជាមួយវៀតណាម តាមពាក្យស្លោក «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការរឹងមាំ និងយូរអង្វែង”(Videos)

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-វៀតណាម តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត វៀតណាមបញ្ចប់អាណិត្ត ប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្តេច សាយ ឈុំ អំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុ ដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។

សម្ដេចមានប្រសាសន៍ថា «ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ តាមពាកស្លោក អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្ត និងថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយដោយសេចក្តីគោរព សេចក្តីរាប់អាន និងសេចក្តីនឹករលឹក។

នាឱកាសនោះ លោក វ៉ូ ក្វាង មិញ បានបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមនៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទានដើម្បីជាតិក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជា-ពលរដ្ឋវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិរហូតដល់ពេលបច្ចប្បន្ននេះ៕

To Top