ព័ត៌មានជាតិ

សត្វខ្ទីងញីមួយក្បាលស្លាប់ដោយសារអន្ទាក់(Videos)

ភ្នំពេញ ៖ សត្វខ្ទីងញីមួយក្បាលបានស្លាប់ដោយសារ ការជាប់អន្ទាក់ដែលបានដាក់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងនាថ្ងៃ២៩ មិថុនា ថា កាលពីសប្តាហ៍មុនមានសត្វខ្ទីងមួយក្បាល រងរបួសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយក្រុមការងារបានចុះទៅជួយសង្គ្រោះ ខណៈសត្វខ្ទីងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយនាងជិតដាច់ពោះស្លាប់ ហើយគ្មានកម្លាំងឈរបាន។

អង្គការបន្តថា “នាងបានបាត់បង់ផ្នែកខាងក្រោមនៃជើងខាងមុខរបស់នាងដោយសារអន្ទាក់។ ពេទ្យសត្វរបស់យើងបានដាក់ថ្នាំសន្លប់ ដូច្នេះគាត់អាចពិនិត្យនាងបាន ប៉ុន្តែគួរឲ្យសោកស្តាយ នាងក៏បានស្លាប់។ នាងមានសភាពខ្សោយពេក មិនអាចភ្ញាក់ដឹងខ្លួនពីថ្នាំសន្លប់ ប៉ុន្តែជាសំណាងល្អផងដែរ ការឈឺចាប់និងរងទុក្ខរបស់នាងបានបញ្ចប់” ។

បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សត្វខ្ទីងជាសត្វដ៏កម្រនៅកម្ពុជា ហើយការស្លាប់របស់សត្វខ្ទីងនេះគឺជាការរំលឹកមួយផ្សេងទៀតអំពីការគំរាមកំហែងដ៏សាហាវនៃអន្ទាក់ ខណៈអន្ទាក់រាប់ពាន់ត្រូវបានពង្រាយពាសពេញព្រៃនៅកម្ពុជា។

សត្វភាគច្រើននឹងស្លាប់ក្នុងអន្ទាក់ ឬក្រោយពីរងរបួសហើយ ដូចជាសត្វខ្ទីងនេះជាដើម។ ការស្លាប់របស់ពួកគេគឺយឺត និងឈឺចាប់បំផុត ហើយលទ្ធផលចុងក្រោយ ព្រៃនឹងទទេស្អាត។ ការដាក់អន្ទាក់បានឈានដល់កម្រិតវិបត្តិហើយ។ នេះបើតាមការផ្សាយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងឧទ្យានុរក្សក្រសួងបរិស្ថាន បានដោះអន្ទាក់ចេញប្រមាណជាង ២៥,០០០អន្ទាក់ នៅក្នុងតំបន់ជួរភ្នំក្រវាញ។ រាល់អន្ទាក់ទាំងអស់សុទ្ធតែអាចសំលាប់សត្វបាន រួមទាំងសត្វកម្រដូចជា សត្វខ្ទីងជាដើម។ ការស្លាប់របស់សត្វនេះ ក៏ជាការរំលឹកមួយផងដែរអំពីតម្រូវការនូវវិធានការណ៍ និងច្បាប់តឹងរ៉ឹងជាងមុនចំពោះអន្ទាក់៕

To Top