ព័ត៌មានជាតិ

កម្ពុជា ស្នើសិង្ហបុរី ជួយពង្រឹងសមត្ថភាព ធនធានមនុស្ស លើជំនាញប្រើ ភាសាអង់គ្លេស

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើសិង្ហបុរី បន្តជួយពង្រឹងសមត្ថភាព ធនធានមនុស្សនៅកម្ពុជា ជាពិសេស លើជំនាញប្រើប្រាស់ ភាសាអង់គ្លេស ពីព្រោះជាយាន ដើម្បីឲ្យមន្ត្រី ក៏ដូចជា និស្សិតងាយចាប់បាន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងឧស្សាហកម្ម ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ច សហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងសិង្ហបុរី ក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន ។ លោក អរគុណ ចំពោះសិង្ហបុរី ដែលដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ធនធានមនុស្សដល់មន្ត្រី និងនិស្សិតកម្ពុជា រាប់ម៉ឺននាក់ ទាំងការបណ្តុះបណ្តាលក្នុងស្រុក និងនៅសិង្ហបុរីផ្ទាល់ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានថ្លែងថា «ស្នើដល់ប្រទេសសិង្ហបុរី តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងសមត្ថភាពធនធាន មនុស្សនៅកម្ពុជាបន្តទៀត ជាពិសេសលើជំនាញប្រើប្រាស់ភាសា អង់គ្លេស ពីព្រោះជាយាន ដើម្បីឲ្យមន្ត្រី ក៏ដូចជានិស្សិតងាយចាប់បាន និងស្វែងយល់ ចំពោះការសិក្សាជំនាញ បច្ចេកទេសផ្សេងៗទៀត»។

ជាកាឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី បានផ្តល់សារ:សំខាន់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស ពង្រឹងវិស័យសហគ្រាសធនតូច និងមធ្យម ការទាក់ទាញការវិនិយោគ និងកិច្ចសហការប្រតិបត្តិការ លើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម។ លោកស្រី ក៏បានចាប់អារម្មណ៍លើវិស័យ សិប្បកម្មបែបបុរាណ នៅកម្ពុជាផងដែរ ៕

To Top