ព័ត៌មានជាតិ

ស៊ុយអែត ស្នើកម្ពុជាបន្ដទិដ្ឋាការដល់ពលរដ្ឋខ្លួន ដោយទទួលយកលិខិតឆ្លងដែន ថ្មីជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ លោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានស្នើកម្ពុជាពិនិត្យលទ្ធភាព បន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត នៅកម្ពុជា ដោយទទួលយកទម្រង់លិខិតឆ្លងដែនថ្មី ដែលចេញជាបណ្ដោះអាសន្ន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន ហេម៉ាក បានថ្លែងថា ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាក ក្នុងការបន្តទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជា មិនអាចទទួលសំណើរធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើរស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។

លោក បញ្ជាក់ថា «ជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជាបានអនុវត្តវិធានការបណ្ដោះអាសន្ន ដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ ស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការ ស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មីដែលបានចេញជាបណ្ដោះអាសន្ននេះ»។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ។ សម្ដេច បានបន្តថា នឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំង ធ្វើការងារនេះជាមួយសហការី ដើម្បីឆ្លើយតបទៅស្ថានទូតវិញ៕

To Top