Covid-19

Full Story ៖ អ្នកស្លាប់ដោយកូវីដកើនឡើង ! នាយករដ្ឋមន្រ្តីឲ្យយកឈើបង្ក្រាបបាន ធ្វើក្តារមឈូសដាក់សព បូជា ឬកប់ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអ្នកពាក់ព័ន្ធទាំងអស់យកឈើខុសច្បាប់ដែលបង្ក្រាបបានពីឈ្មួញនាពេលកន្លងមក ធ្វើជាក្ដារមឈូសទុកដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សម្រាប់បូជា និងបញ្ចុះឲ្យបានត្រឹមត្រូវ។ ត្រឹមរយៈពេល២ថ្ងៃមកនេះ មានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៥៣នាក់ ក្នុងនោះកាលពីថ្ងៃ៣០ មិថុនា មាន២៧នាក់ និង១ កក្កដា ២៦នាក់ សរុបទាំងអស់ចំនួន៦០២នាក់។

ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំកន្លែងសាងសង់ឈាបនដ្ឋាន បូជាសពអ្នកកើតជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ដថា ប្រើប្រាស់កន្លែងបូជាសពតាមវត្តអារាម តែត្រូវធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅជុំវិញ។ សម្ដេចថា អភិបាលរាជធានី-ខេត្ត ត្រូវផលិតក្ដារមឈូសសម្រាប់សពអ្នកកើតកូវីដ-១៩ ដោយប្រើប្រាស់ឈើដែលចាប់បាន នាពេលកន្លងមក។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសួរទៅ ឃួង ស្រេង ពីម្សិលមិញក្ដារមឈូសពេលខ្លះ ត្រូវឧបត្ថម្ភដោយសប្បុរសជន ពេលខ្លះយើងទិញ។ ដូច្នេះយើងអត់ទាន់បានគិតដល់ទេ ថាស្លាប់ជំនាន់ប៉ុលពតរឿងមួយ ស្លាប់សម័យកូវីដ-១៩ គឺកំសត់ណាស់។ យ៉ាងហោចណាស់ យើងត្រូវមានក្តារមឈូសបានត្រឹមត្រូវសម្រាប់ទៅបូជា ឬយកទៅកប់»។

សម្ដេចតេជោបន្ដថា «ឈើដែលយើងចាប់បានកន្លងទៅ យកអាហ្នឹងធ្វើក្តារមឈូស យើងមិនដល់ថ្នាក់ថា ឲ្យសាកសពរបស់យើងអត់ក្តារមឈូសទេ ត្រូវមានក្ដារមឈូស ត្រូវធ្វើរឿងហ្នឹងឲ្យច្បាស់ ត្រូវគោរពដល់វិញ្ញាណក្ខន្ធរបស់យើង ដោយស្លាប់ជំងឺចង្រៃនេះ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ក៏បានណែនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវពិនិត្យឈើនៅកន្លែងណាខ្លះ បើនិតិវិធីតាមផ្លូវច្បាប់ត្រូវជំរុញការរឹបអូសឲ្យបានរហ័ស។ សម្ដេចថា ធ្វើយ៉ាងណាកុំយកសពអ្នកកើតជំងឺកូវីដ-១៩បូជា ឬកប់ដោយគ្មានក្តារមឈូសត្រឹមត្រូវ។

សម្ដេចតេជោបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបញ្ចេញថវិកាដើម្បីទិញក្ដារមឈូសមកស្ដកទុក ដាក់នៅតាមមន្ទីរពេទ្យក្នុងបណ្ដារាជធានី-ខេត្ត។ សម្ដេចថា ដោយសារតែ សម្ដេច គិតតាំងពីរឿងទិញក្ដារមឈូស បានជា សម្ដេច ដឹកនាំប្រទេសកម្ពុជា ជាង៤០ឆ្នាំកន្លងមកនេះ ខណៈមានប្រទេសមួយចំនួន សូម្បីរកអូសដុតសាកសព ក៏គ្មានដែរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «ប៉ុន្ដែកុំឆ្លៀតប្រើប្រាស់ដីរដ្ឋ ធ្វើកន្លែងកប់ខ្មោច យកឈើធ្វើក្តារមឈូស ឆ្លៀតយកដី ឆ្លៀតកាប់ឈើ កុំធ្វើអាទង្វើហ្នឹង»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥១៣៨៤នាក អ្នកជាសះស្បើយចំនួន៤៤៨៥៨នាក់ និងអ្នកស្លាប់ចំនួន៦២៨នាក់៕

To Top
×