ព័ត៌មានជាតិ

Full Story ៖ សម្តេចតេជោសម្រេចឲ្យវិស័យឯកជន និងកងកំលាំងប្រដាប់អាវុធ ធ្វើតេស្តរហ័សដោយខ្លួនឯង

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងងាយគ្រប់គ្រងអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាឲ្យវិស័យឯកជន ទាំងអស់ត្រូវតែធ្វើតេស្តបុគ្គលិករបស់ខ្លួន និងបញ្ជាកំលាំងប្រដាប់អាវុធធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ឲ្យឆាប់រហ័ស ងាយស្រួលឈានដល់គ្រប់គ្រងអ្នកឆ្លងជំងឺនេះបានទាន់ពេលវេលា ។

សម្តេចតេជោបានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ថា «វិស័យឯកជនត្រូវទិញឧបកណ៍ធ្វើតេស្តឲ្យខ្លួនឯង ដោយចំណាយថវិកាខ្លួនឯងដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋ។ខ្ញុំចេញបញ្ជាតែម្តង គឺកងកំលាំងទាំងអស់ត្រូវតែធ្វើតេស្តកូវីដ១៩ដោយខ្លួនឯង។ យើងត្រូវឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិករបស់គេ ថ្ងៃនេះខ្ញុំសម្រេចធ្វើបែបនេះ ដើម្បីឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងបុគ្គលិកគេបានឈានដល់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ»។

សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា “អីចឹងខ្ញុំសូមអំពាវនាវឲ្យក្រុមហ៊ុនឯកជនទាំងអស់គ្រប់គ្រងបុគ្គលិកកម្មកររបស់ខ្លួន ពេលមានការត្រូវធ្វើតេស្តលើបុគ្គលិកខ្លួន។ ការបញ្ជាទិញសូមទាក់ទងឯកឧត្តម ជា វណ្ណដេតដែលបញ្ជាក់ទិញពីកូរ៉េខាងត្បូង ដោយមួយដើមតម្លៃ៣.៧ ដុល្លារ (រាប់ទាំងថ្លៃដឹកជញ្ជូន) ។ ដូច្នេះក្រុមហ៊ុននីមួយៗដែលមានកម្មករត្រូវទិញត្រៀមទុក ដោយមិនចាំបាច់ហៅគ្រូពេទ្យទៅ គ្រាន់តែអញ្ជើញគ្រូពេទ្យបង្ហាត់បង្រៀនពីរបៀបប្រើប្រាស់បាន” ។

សម្តេចតេជោបន្តថា ដើម្បីគ្រប់គ្រងបុគ្គលិករហ័សចៀសវាងការឆ្លងជំងឺកូវីដ១៩ គឺត្រូវផ្តល់លទ្ធភាពដល់ក្រុមហ៊ុនធ្វើតេស្តដោយខ្លួនឯង ដោយការធ្វើតេស្តចំណាយពេល២ម៉ោង អាចដឹងលទ្ធផល។
សម្តេចគូសបញ្ជាក់ថា «ធ្វើតេស្តដោយខ្លួនគឺមិនខាតអ្វីទេ មានតែចំណេញ គឺស្ម័គ្រដោយខ្លួន ហើយពេលមានជំងឺទៅរកពេទ្យ។ អីចឹងសូមបណ្តាក្រុមហ៊ុន រោងចក្រនានាដែលមានកម្មករចាប់ពី១០០នាក់ឡើងទៅ ឬខ្លះ៣០ ឬ៤០នាក់ ក៏អាចធ្វើតេស្តបានដោយខ្លួនឯង»។

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា ការធ្វើតេស្តដោយខ្លួនឯងនេះមិនមានការខាតបង់អ្វីទេ ពោលគឺធ្វើឲ្យប្រជាពលរដ្ឋចេះយល់ដឹងពីការការពារខ្លួនថែមទៀត ។

ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា នៅពេលឧបករណ៍តេស្តរហ័សបញ្ជាទិញមកដល់ត្រូវបែងចែកទៅកងកំលាំងប្រដាប់អាវុធនៅតាមភូមិភាគ បណ្តាកងពល កងវរៈ សេនាតូច កងវរៈសេនាធំ កងអាវុធហត្ថ កងកំលាំងនគបាល នៅបណ្តាប៉ុស្តិ៍ …ត្រូវតែមានឧបករណ៍ធ្វើតេស្តរហ័សនេះ ។

សម្តេចក៏បានលើកឡើងថា ម្ចាស់ក្រុមហ៊ុនគប្បីត្រូវតែទិញឧបករណ៍តេស្តរហ័សនេះ ដោយប្រើថវិការបស់ខ្លួនផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top