Covid-19

ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែន​កូវីដ-១៩ តម្លៃ៣,៧ដុល្លារ(Video)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាស លក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ (Covid-19 Rapid Antigen Test) តម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមាន ការគ្រប់គ្រងទាំងអស់ជ្រាបថា ក្រសួងប្រៃសណីយ៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍»។

ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះ នឹងលក់ក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ ។

ក្នុងឱកាសថ្លែងសារពិសេសអំពីជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោបានឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅទូទាំងប្រទេស ដែលមានបុគ្គលិកចាប់ពី ៣០ទៅ៤០នាក់ ទិញឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីងាយស្រួលឈានដល់គ្រប់គ្រង អ្នកឆ្លងជំងឺនេះបានទាន់ពេលវេលា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top