នយោបាយ

គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណបក្សបក្ស កុម្មុយនីស្ដចិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណបក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមរវាង កម្ពុជា-ចិន។

តាមរយៈសារលិខិត នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឆ្លើយតបទៅនឹងសារលិខិតអបអរសាទររបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បម្រើផលប្រយោជន៍ប្រជាជន និងនាំមកនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងបុព្វហេតុកសាង និងថែរក្សាសន្ដិភាព សន្ដិសុខ ស្ថិរភាព និងការអភិវឌ្ឍលើ គ្រប់វិស័យ។

សម្ដេចតេជោ អះអាងថា សមិទ្ធផលទាំងនេះ មិនអាចសម្រេចបានដោយគ្មានការគាំទ្រឥតឈប់ឈរ ឥតងាករេ និងទាន់ពេលវេលារបស់មិត្តចិនឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណបក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ និងរួមគ្នាកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សម្រាប់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន រីករាយជាខ្លាំង ដែលបានសង្កេតឃើញពីការរីកចម្រើននៃទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាង ជិតស្និទ្ធរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដចិន។

សម្ដេចតេជោ មានប្រសាសន៍ថា «ដោយផ្អែកលើការជឿជាក់ផ្នែកនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមករបស់គណបក្សយើងទាំងពីរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលមានស្រាប់រវាងកម្ពុជា និងចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំ ខាងមុខ»។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយប្រជាជន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹង របបអាណានិគមនិយម សំដៅទាមទារឯករាជ្យជាតិ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top