ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ណែនាំពីមេរោគ ចាប់ជំរិត តាមប្រព័ន្ធអ៉ិនធឺណិត និងវិធានការការពារ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការណែនាំអំពី មេរោគចាប់ជំរិត (Ransomware) វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំង វិធានការការពារ។

តាមសេចក្ដីជូនដំណឹង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការកើនឡើង នូវការវាយប្រហារតាមអ៊ីនធឺណិត ក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំង ចំពោះស្ថាប័នរដ្ឋ និងឯកជន និងបុគ្គលម្នាក់ៗផងដែរ។ មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។

មេរោគ ប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធ កុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា ១៖ ការប្រើប្រាស់សុសវែរ មិនមានអាជ្ញាបណ្ណ, ២៖ ការបើកឯកសារភ្ជាប់មកជាមួយអ៊ីមែល, ៣៖ ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវែរ និងកម្មវិធីប្រើប្រាស់ជាដើម។ អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើនគឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះ ត្រលប់មកវិញ។

ចោរព័ត៌មានវិទ្យា ក៏ប្រើប្រាស់វិធីសាស្ត្រ ចាប់បង្ខំអ្នកប្រើប្រាស់ឲ្យបង់ប្រាក់ឲ្យបានឆាប់ បើពុំនោះទេពួកចោរព័ត៌មានវិទ្យា នឹងបញ្ចេញឯកសារទាំងអស់ ដែលពួកគេបានលួច ដែលអាចធ្វើឲ្យប៉ះពាល់ ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។

ជាងនេះទៅទៀត ក្រសួងប្រៃសណីយ៍ បានណែនាំសាធារណជន អំពីវិធានការការពារដូចខាងក្រោម៖

ទី១- ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយជៀសវាងទាញយកកម្មវិធីតាម អ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់។

ទី២-ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងកុំព្យូទ័រ ឧបករណ៍ចល័តរបស់អ្នកឲ្យបានទៀងទាត់។

ទី៣-ដំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឲ្យបានជាប្រចាំ

ទី៤-មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងអ៊ីមែល។

និងទី៥- ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណិត (Offline)។

ក្រសួងប្រៃសណីយ៍ ក៏បានផ្ដាំផ្ញើថា ប្រសិនបើលោកអ្នក ក្លាយជាជនរងគ្រោះដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ ពីព្រោះថា លោកអ្នកមិនប្រាកដថា នឹងទទួលបានឯកសារទាំងនោះ មកវិញឡើយ៕

To Top