ព័ត៌មានជាតិ

ឡាវ សម្រេចបន្តបិទ​ ខ្ទប់ប្រទេស ១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ រដ្ឋាភិបាលឡាវបានចេញវិធានការ បន្តបិទខ្ទប់ប្រទេស១៤ ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃ៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ ។

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៥ កក្កដានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានបញ្ជាក់ថា ក្នុងរយៈពេល ១៤ថ្ងៃនេះ ឡាវបានសម្រេចបន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ការ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាកុះករ ហាមមិនឲ្យពលរដ្ឋណា មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើដំណើរតាមរយយន្ត យន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម ។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែកក្នុងរយៈពេលនេះដែរ ឡាវក៏បានសម្រេចបន្ធូរបន្ថយ ចំពោះវិធានការមួយចំនួនផងដែរ ។ វិធានការដែលត្រូវបានបន្ធូរបន្ថយនោះរួមមាន៖ អនុញ្ញាតឲ្យបើកដំណើរ ការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំនិងលក់រាយ កន្លែងដើរហាត់ប្រាណ ទូកនេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ (អាចចូលអង្គុយបាន) រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងកែសម្ផស្ស ។ អនុញ្ញាតឲ្យមានកិច្ចប្រជុំ បើកសាលារៀន នៅតំបន់ មិនមានការឆ្លង រាដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ បើកដំណើរការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសក្នុងប្រទេស សម្រាប់អ្នកធ្វើដំណើរ ដែលទទួល បានវ៉ាក់សាំងចំនួន ២ដូស ។

ជាមួយគ្នានោះស្ថានទូតកម្ពុជា ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន កុំទៅកន្លែងមានហានិភ័យ បន្តរក្សាអនាម័យឲ្យបានល្អ និងអនុវត្តសេចក្ដីណែនាំ របស់រដ្ឋាភិបាលឡាវ និងតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ៕

To Top
×