ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងវប្បធម៌ កំពុងចុះស្រាវជ្រាវករណី ថៃធ្វើប្រាសាទចម្លង ឬយកតាមលំនាំ ប្រាសាទអង្គរវត្តខ្មែរ

ភ្នំពេញ៖ ក្រោយសាធារណជន បង្ហាញអារម្មណ៍មិនសប្បាយចិត្ត បញ្ចេញមតិនានាជុំវិញថៃ បានសាងសង់ប្រាសាទមួយដែលបានចម្លង ឬយកលំនាំតាមប្រាសាទអង្គរវត្តរបស់ខ្មែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងបានកំពុងចាត់ចែងឲ្យមន្រ្តីអាជ្ញាធរអប្សរា ក៏ដូចជាទូតខ្មែរនៅថៃ ចុះស្រាវជ្រាវក្នុងករណីនេះហើយ ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា “ឥឡូវយើងបានឲ្យអ្នកបច្ចេកទេស ជាពិសេសអាជ្ញាធរអប្សរាពិនិត្យ ស្រាវជ្រាវមើលតើមានការសាងសង់ យកតាមលំនាំប្រាសាទអង្គរវត្តខ្មែរយើងមែនអត់? ជាក់ស្តែងកំពុងរកប្លង់ រកប្រភពអីចឹងទៅ ។ ម្យ៉ាងបានទាក់ទងទៅទូតខ្មែរយើងនៅថៃ និងអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ នោះដើម្បីឲ្យពួកគាត់ចុះទៅផ្ទាល់ ដើម្បីស្រង់ព័ត៌មានជាក់លាក់មួយ ដើម្បីយើងងាយស្រួលដោះស្រាយតាមយន្តការ បើវាកើតឡើងមែន”។

ផ្ទាំងពាណិជ្ជកម្ម

លោកថា បើថៃពិតជាសាងសង់ប្រាសាទចម្លង តាមប្រាសាទអង្គរវត្តខ្មែរមែននោះ នឹងដោះស្រាយតាមការទូត ដោយក្រសួងការបរទេសខ្មែរ នឹងសរសេរលិខិតទៅរដ្ឋាភិបាលថៃ។

កាលពីថ្ងៃ៥ កក្កដា នៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត បង្ហាញពីថៃ មានគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ ។ ប្រាសាទអង្គរវត្តទី២ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូង របស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថា នឹងបញ្ចប់ការសាងសង់នៅរវាង ៧ទៅ៨ឆ្នាំទៀត ៕

To Top