ព័ត៌មានជាតិ

សម្ដេចតេជោ អំនាវនាវឱ្យចូលរួម ថែរក្សាការពារ ប្រាសាទបូរាណ ទូទាំងប្រទេស ឲ្យបានគង់វង្ស ដើម្បីកូនចៅ ខ្មែរគ្រប់ជំនាន់

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ សូមចូលរួមថែរក្សាការពារ ប្រាសាទបូរាណទាំងអស់ នៅទូទាំងប្រទេស ឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។

តាមរយៈសារអបអរសាទរ ខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុក ព្រឹត្តិការណ៍ដែលកើតឡើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទ ដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋ របស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕

To Top