ព័ត៌មានជាតិ

សកម្មជនក្រុមប្រឆាំងម្នាក់ប្រមាថជីវិត សម្តេចតេជោ ត្រូវបានម្តាយ ចេញមកសុំទោសជំនួស

ភ្នំពេញ៖ លោកស្រី ស៊ុម សារី ម្តាយរបស់សកម្មជន ក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កន្លងទៅនេះ បានចេញមុខ សុំអភ័យទោស សម្តេចតេជោ ជាសាធារណៈជំនួសកូនស្រី កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ស្រ្តីឈ្មោះ ហេង មុំ ហៅអ្នកគ្រូបាល្លី ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេសកាលពីសប្តាហ៍មុន បាននិយាយប្រមាថជីវិតសម្តេច ។

យោងតាមវីដេអូដែលត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គមបានបង្ហាញពីការនិយាយសុំទោសរបស់អ្នកស្រី ស៊ុម សារី ជាម្តាយរបស់ស្រ្តីឈ្មោះ ហេង មុំ ហៅអ្នកគ្រូបាល្លី ជាសកម្មជនក្រុមប្រឆាំង នៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។

លោកស្រីបានពន្យល់ ទៅកាន់កូនស្រីថា ការរស់រានមានជីវិត របស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេសឲ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។

លោកស្រី បានរំលឹកអំពីគុណបំណាច់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាព ដល់សព្វថ្ងៃ។ ជាមួយនឹងការសុំអភ័យទោស និងចេញមុខការពារ សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រមាថ របស់កូនខ្លួននោះ លោកស្រីក៏បានជូនពរសម្តេចតេជោ ហ៊ុន សែនឲ្យជួបប្រទះតែក្តីសុខ ហើយបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរុងរឿងបន្តទៀត ៕

To Top