ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ៖ វប្បធម៌ជាតិបង្ហាញ ឲ្យយើងមិនអាចខ្វះបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ (Video)

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា បេតិកភ័ណ្ឌវប្បធម៌ជាតិ បានបង្ហាញឲ្យឃើញថា កម្ពុជាមិនអាចខ្វះបានឡើយ នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ។

ក្នុងឱកាសអបអរសាទរខួប នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្តេច ហេង សំរិន បានលើកឡើង លើបណ្តាញសង្គមថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកផងដែរ ។

សម្តេចថា ការសម្រេចបញ្ចូល ប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ដ៏មានតម្លៃ រហូតត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ។

សម្តេចបញ្ជាក់ថា “យើងជាកូនចៅ បានចងចាំ និងដឹងគុណជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញ ព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេដែលបានកាត់ក្តីឲ្យកម្ពុជា យើងឈ្នះប្រទេសថៃ ក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋរបស់យើ ងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២” ។

សម្តេចថា “ក្នុងបុព្វហេតុលើកតម្កើង នូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារ អធិបតយ្យភាពជាតិ ឲ្យបានគង់វង្សដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយ នូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ សូមជនរួមជាតិទាំងអស់ រួមគ្នាបន្តថែរក្សា ការពារ និងអភិរក្ស អភិវឌ្ឍន៍ រាល់សម្បត្តិបេតិកភណ្ឌរបស់យើង ទាំងរូបិយនិងអរូបិយ ឲ្យបានគង់វង្សជារៀងរហូតតទៅ” ៕

To Top