ព័ត៌មានជាតិ

ក្រសួងវប្បធម៌៖ ថៃមិនបានលួចចម្លង ឬសាងសង់ប្រាសាទ តាមរចនាបថ​អង្គរ របស់ខ្មែរឡើយ(Video)

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បកស្រាយបំភ្លឺថា ការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទមួយចំនួនទៀត របស់កម្ពុជាឡើយ ។

ប៉ុន្មានថ្ងៃមកនេះ នៅតាមប្រព័ន្ធហ្វេសប៊ុក​ មានការបញ្ចេញមតិជុំវិញ​ នឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃថា បានលួចចម្លង ឬសាងសង់តាមប្រាសាទអង្គរវត្តខ្មែរ។

ការបញ្ជាក់របស់ក្រសួងថា ថៃមិនបានលួចចម្លង ពីប្រាសាទអង្គរវត្តខ្មែរនេះ ដោយសារភាគីថៃអះអាងថា​ សាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះស្រាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌នាថ្ងៃ៧ កក្កដា បានបកស្រាយបញ្ជាក់ថា ក្រសួងបានទំនាក់ទំនង និងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំថៃ ដើម្បីស្រាវជ្រាវប្រមូល ព័ត៌មានបន្ថែម។

តាមលទ្ធផលបង្ហាញពីទូតថៃបង្ហាញថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោម សំណង់ប្រាសាទថ្មដទៃៗទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ឋាន នៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ សំណង់នេះធ្វើពីថ្មភក់ នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដកពីខាងក្នុង។

ក្រសួងបន្តថា «តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យ កម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ»។

ក្រសួងថា តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទ ក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យ ដោយផ្ទាល់បាន ក្នុងករណីមានមន្ទិលសង្ស័យ។

ក្រសួងឲ្យដឹងទៀតថា នឹងធ្វើការហើយតាមដាន ការងារនេះជាបន្ត ដោយយកចិត្តទុកដាក់ ៕

To Top