នយោបាយ

លោក ឥន្ទ សុផល ៖ ត្រូវរួមគ្នាការពារ និងជួសជុលប្រាសាទ នៅសល់ជាង១ពាន់ល្អជាង

ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកតាមដានប្រវត្តិសាស្រ្ត បានថ្លែងទៅ កាន់ប្រជាពលរដ្ឋថា កុំចាំបាច់ខឹងក្រេវក្រោថ រឿងថៃ សាងសង់ប្រាសាទ យកតាមរចនាបថខ្មែរ ធ្វើអ្វី ព្រោះទោះបីជាយ៉ាងណា ក៏គេមិនអាចធ្វើដូច របស់ ពិតបានទេ ប៉ុន្តែគួររួមគ្នាការពារ ក៏ដូចជាជួសជុសប្រាសាទ ដែលនៅសេសសល់ជាង ១០០០ប្រាសាទ ល្អប្រសើរជាង ។

លោកបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ៧ កក្កដា ថា យកល្អខ្មែរត្រូវរួមគ្នាទាំងទស្សនៈ ឆន្ទៈ និងមនសិការ ក្នុងរាជការពីលើដល់ក្រោម, អ្នកមានតូច អ្នកមានធំរហូតដល់ឧកញ៉ា មហាសេដ្ឋី រួមគ្នា គិតផលប្រយោជន៍ជាតិ ជាធំវិញ ។ ក្នុងនោះអ្នករៀន ត្រូវរៀនឲ្យច្បាស់ ត្រូវរៀនប្រវត្តិសាស្ត្រ កុំឲ្យគេបន្លំបានដោយខិតខំ ស្រាវជ្រាវរបស់ខ្មែរបុរាណ ។

លោកលើកជាសំណួរថា ហេតុអ្វីដូនតាធ្វើបាន តែយើងរក្សាមិនគង់?

លោកបានសង្កត់ធ្ងន់ថា “មិនបាច់ខឹងរឿងថៃ សង់ប្រាសាទទេ ខិតខំរួមគ្នាការពារ និងជួសជុលប្រាសាទខ្មែរមានជាង១.០០០ឲ្យបានល្អទៅ គេមិនអាចធ្វើដូចរបស់ពិតទេ ហើយការចម្លងប្រាសាទខ្មែរ ក៏ជាភស្តុតាងមួយបង្ហាញពិភពលោកថា គេជាជាតិសាសន៍ ពូកែខាងលួចដែរ ។ បើយើងសិក្សាឲ្យដល់ឫសគល់ នៃរដ្ឋបាលសាធារណៈ សម័យអង្គរ គឺពិតជាអស្ចារ្យណាស់ មិនបាច់ទៅរៀន ពីបរទេសទេ ! ទាំងវិស័យអប់រំ, សង្គមកិច្ច, ការពារជាតិ, សេដ្ឋកិច្ច និងការទូត…។ល។ គឺពិតជាខ្លាំងណាស់” ។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមពីលើនេះ លោកក៏បានស្នើឲ្យអ្នកមានទ្រព្យ ងាកមកជួយ សង្គ្រោះដល់ប្រាសាទ សង្គ្រោះដល់សង្គមជាតិ ដោយឈប់រកស៊ីរបរអ្វី ដែលបំផ្លាញដល់ សង្គមជាតិទៀត ។

សូមបញ្ជាក់ថា នៅថ្ងៃ៧ កក្កដា នេះ ក្រសួងវប្បធម៌បញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថ ស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទមួយចំនួនទៀត របស់កម្ពុជាឡើយ ។ ការបញ្ជាក់របស់ក្រសួងនេះ ដោយសារភាគីថៃអះអាងថា គឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះស្រាប់។

ការបកស្រាយ របស់ក្រសួងនេះ ដោយសារប៉ុន្មានថ្ងៃមកនេះ នៅតាមប្រព័ន្ធហ្វេសប៊ុក មានការបញ្ចេញមតិជុំវិញ នឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃថា បានលួចចម្លង ឬសាងសង់ តាមប្រាសាទអង្គររបស់ខ្មែរ ៕

To Top