នយោបាយ

សន្និសីទ គណបក្ស នយោបាយ លើពិភពលោក ស្នើឲ្យគណបក្សទាំងអស់ ប្ដេជ្ញារួមគ្នាកសាង សន្ដិភាព ការអភិវឌ្ឍ និងយុត្តិធម៌

ភ្នំពេញ ៖ ក្នុងសន្និសីទ កំពូលរវាង គណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ លើពិភពលោក បានស្នើឲ្យគណបក្ស នយោបាយទាំងអស់ ប្តេជ្ញាការកសាង គុណតម្លៃរួមគ្នា រួមមាន សន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ។

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងសន្និសីទកំពូលរវាង គណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក តាមរយៈប្រព័ន្ធ វិដេអូ ក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវ របស់គណបក្សនយោបាយ»។ សន្និសីទកំពូលនេះ ត្រូវបានអញ្ជើញចូលរួម ដោយគណៈប្រតិភូជាង ១០,០០០នាក់ តំណាងឲ្យគណបក្សនយោបាយ និង អង្គការជាង ៥០០ មកពី ១៦០ប្រទេស។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៧ កក្កដា នេះបាន ឱ្យ ដឹង ថា សន្និសីទកំពូលនេះ សម្រេចបានលទ្ធផល សំខាន់ៗដូចជា ៖ ស្នើឲ្យគណបក្សនយោបាយ នៅតាមបណ្តាប្រទេសទាំងអស់ ប្តេជ្ញាចិត្តក្នុងការកសាង គុណតម្លៃរួមគ្នា រួមមានសន្តិភាព ការអភិវឌ្ឍសមភាពយុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ។ គណបក្សនយោបាយទាំងអស់ ចាំបាច់ត្រូវ តែចាត់វិធានការ សកម្ម ដើម្បីអនុវត្តគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ដើម្បីសម្របសម្រួល គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការ សកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការ ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា ។

ជាងនេះទៅទៀត គណបក្សនយោបាយ មកពីបណ្តាប្រទេសទាំងអស់ ត្រូវប្តេជ្ញា សម្របសម្រួលការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញ ទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ ។

សូមបញ្ជាក់ថា សន្និសីទកំពូលនេះគឺជាកិច្ចប្រជុំជាន់ខ្ពស់បំផុត និងធំជាងគេបំផុត នៃគណបក្សនយោបាយពិភពលោក ដែលបានរៀបចំដោយគណបក្ស កុម្មុយនីស្ដចិន ព្រមទាំងបានរៀបចំក្នុង ទម្រង់នៃអន្តរកម្មដ៏ ស្និទ្ធស្នាល និងកិច្ចសន្ទនាដ៏ស៊ីជម្រៅ ៕

To Top