នយោបាយ

កម្ពុជា អរគុណអាមេរិក ជួយជ្រោមជ្រែង​ ដំណើរការដាក់ ប្រាសាទព្រះវិហារ ជាសម្បតិ្តបេតិកភណ្ឌ ពិភពលោក

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណមិត្តអាមេរិក ដែលបាន ជួយជ្រោមជ្រែង ដំណើរការដាក់ ប្រាសាទព្រះវិហារ ចូលក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក គឺជានិមិ្មតសញ្ញា នៃកិច្ចសហប្រតិបត្តិការ និងឯកភាព ជាឯកច្ឆ័ន្ទគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោក ផៃ ស៊ីផាន បានថ្លែងថា ប្រាសាទព្រះវិហារនេះ គឺគណៈកម្មាធិការ បេតិភណ្ឌពិភពលោក ក៏ដូចជា គណៈកម្មាធិការប្រាង្គប្រាសាទពិភពលោក បានវាយតម្លៃថា ប្រាសាទព្រះវិហារ មានតម្លៃនៃស្នាដៃមនុស្សជាតិ និងបេតិកភណ្ឌមនុស្សជាតិ លេចធ្លោគ្មានពីរ ដែលពុំអាចកាត់ថ្លៃបាន ។ មនុស្សជាតិទាំងអស់ នៅលើសកលលោក ត្រូវមានកាតព្វកិច្ច អភិរក្ស រក្សា ការពារ ជួលជុល ដោយគ្មានរើសអើង។

លោក បន្ថែមថា នេះជាមោទកភាព របស់ពូជពង្សខ្មែរ ដែលដូនតាបុព្វបុរស កសាងទុកជាមរកត នៅក្នុងការងារដាក់ បញ្ចូលប្រាសាទព្រះវិហារ ក្នុងបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំគណៈប្រតិភូ ក្នុងកិច្ចការនេះ បានធ្វើឲ្យពិភពលោកទទួលស្គាល់ នូវសមត្ថភាពការងារកាទូតខ្នាតអន្តរជាតិ ដែលការវិនិច្ឆ័យ នៃអង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គោះញញួរសម្រេច ទទួលយកប្រាសាទព្រះវិហារ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ ក្នុងឱកាសនោះ មិត្តថៃ ក៏ឯកភាពគ្មានកិច្ចតវ៉ាឡើយ ។

លោក បញ្ជាក់ថា ដ្បិតការដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាទិសដៅ វប្បធម៌ កិច្ចអភិរក្ស ថែរក្សា ស្នាដៃមនុស្សជាតិជាសកល។ ទោះបីជាមាន ការ ប្រឈម និងខ្វែងគំនិតគ្នារវាង កម្ពុជា និងមិត្តថៃ យ៉ាងណាក៏ដោយ ក៏ សម្តេចវិបុលបញ្ញា បានធ្វើឲ្យមត្តិថៃ ជាមិត្ត រួមចំណែកជា គណៈកម្មាធិការ សមាជិកអភិរក្សប្រាសាទ ព្រះវិហារនេះផងដែរ ។

នៅក្នុងនោះ សហប្រធាន នៃគណៈកម្មាធិការនេះ គឺមានមិត្តចិន និងមិត្តឥណ្ឌា រួមចំណែកជាមួយ មិត្តសហរដ្ឋអាមេរិក ស្ថិតនៅក្នុងគណៈកម្មាធិការ អភិរក្សនេះផងដែរ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងនេះ ខ្ញុំសូមអរគុណចំពោះមិត្តអាមេរិក ដែលលោកជួយជ្រោមជ្រែង ក្នុងដំណើរការនៃការដាក់ប្រាសាទព្រះវិហារចូល ក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយនេះជាស្នាដៃ និងគោលនយោបាយគ្រឹះរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ធ្វើឲ្យការប្រឈមក្លាយទៅជាដៃគូ សហប្រតិបត្តិការដែលជាមរកត នយោបាយមួយសម្រាប់កុលបុត្រ កុលធីតាខ្មែរ ។ ជាមួយនេះផងដែរ យើងខ្ញុំសូមគោរព នូវវិញ្ញាណក្ខ័ន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន ជាមួយនឹងបទពិសោធន៍ ដែលលោកបានបន្សល់ទុក ជាមេរៀន និងប្រវត្តិសាស្រ្ត ដែលសម្រេចបានដោយជោគជ័យ ដ៏ធំធេងសម្រាប់ជាតិនេះ»។

លោក ផៃ ស៊ីផាន ក៏បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន ពុំបានសម្រាកពេញមួយយប់ នៅតាមដានលទ្ធផលសម្រេច របស់គណៈកម្មាធិការ នៅក្រុងកេបិច ប្រទេសកាណាដា ។ លោកថា ចាំបានថា នៅតាមវត្តអារាម គ្រឹះស្ថានរដ្ឋ និងសាលារៀន មានពិធីជួបជុំព្រះសង្ឃ មន្ត្រីរាជការ និងសិស្សសាលា ដើម្បីទូងស្គរ និងវាយជួង នៅម៉ោង៧ ព្រឹក ដើម្បីអបអរសាទរប្រាសាទព្រះវិហារ បានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ បានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោក ហើយត្រូវបានចាត់ទុក ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទ ដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២ ៕

To Top