នយោបាយ

លោក ពេជ្រ ស្រស់ ស្នើក្រសួងពាក់ព័ន្ធ ពិនិត្យភស្តុតាង ឲ្យបានរឹងមាំ ធ្វើកំណត់ទូត ទៅថៃ ឲ្យបញ្ឈប់គម្រោង សាងសង់ អង្គរវត្តកូពី

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានស្នើទៅកាន់ក្រសួងពាក់ព័ន្ធ ទាំងអស់ត្រូវកសាង ភស្តុតាងឲ្យបានរឹងមាំ ដើម្បីធ្វើកំណត់ទូតទៅ រដ្ឋាភិបាលថៃ ឲ្យបញ្ឈប់គម្រោងសាងសង់ អង្គរវត្តកូពី លើទឹកដីថៃនោះ ជៀសវាងនៅថ្ងៃក្រោយ ពិភពលោក គិតថាអង្គរវត្ត ជារបស់ថៃ ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ បានអះអាងថា ខ្លួនមិនបានចម្លង ឬសាងសង់ ប្រាសាទ ដែលមានរចនាបថ តាមប្រាសាទអង្គរខ្មែរនោះទេ ។

តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើង យ៉ាងដូច្នេះថា «នៅលើលោកយើងនេះ គឺគ្មានចោរ ឯណាសារភាពថា ខ្លួនឯងជាចោរនោះទេដូច្នេះការបកស្បែកមុខចោរបាន គឺផ្អែកទៅលើសកម្មភាព ភស្តុតាង និងលទ្ធផល ជាក់ស្តែង រឿងសៀមលួចចម្លងប្លង់ និង គំរូប្រាសាទអង្គរវត្ត គឺមានទាំងសកម្មភាព ភស្តុតាង និង លទ្ធផលអំពីការ លួចចម្លងម៉ូតអង្គរវត្ត របស់យើង»។

លោកបញ្ជាក់បន្ថែមថា «យើងជាខ្មែរ និងជាម្ចាស់ គឺពុំគួរជឿចោរគ្រាន់តែនិយាយពីរ បីម៉ាត់ឡើយ យើងត្រូវបន្តស្រាវជ្រាវ និងហាមកុំឲ្យចោរធ្វើគម្រោង ប្រាសាទដូចនឹងអង្គរវត្តយើង ស្ទើតែ 100% បែបនេះ ដោយខុស ត្រង់ឆ្នាំកសាង ប្រភេទថ្មនិងអ្នកកសាងតែ ប៉ុណ្ណោះ រីឯប្លង់មេ និងរចនាបទ គឺដូចនឹងអង្គរវត្តខ្មែរ យើង100%តែម្តង ក្នុងន័យនេះសូមក្រសួង ពាក់ព័ន្ធ កសាងភស្តុតាងឲ្យបានរឹងមាំ ដើម្បីធ្វើកំណត់ទូតទៅ រដ្ឋាភិបាលថៃឲ្យបញ្ឈប់ គម្រោងសាងសង់ អង្គរវត្តកូពី លើទឹកដីថៃនោះ ជៀសវាងនៅថ្ងៃក្រោយពិភពលោក គិតថាអង្គរវត្ត ជារបស់ថៃ ។ រួមគ្នាការពារកេរ្តិ៍ដូនតាខ្មែរ»៕

To Top