ព័ត៌មានជាតិ

បើកការដ្ឋាន​ សាងសង់ផ្លូវកៅស៊ូ ២ខ្សែ ប្រវែង ៣.១៨៥ម៉ែត្រ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០២១នេះ បានអញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBTS ២ខ្សែ ប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា សមិទ្ធិផលថ្ងៃនេះ គឺជាការឆ្លើយតប ទៅនិងការស្នើសុំ របស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈនាពេលកន្លងមក ។ ហើយអាជ្ញាធរខេត្ត បានយកសំណើនោះមកពិភាក្សា បានឯកភាពគ្នា និងបានរាយការណ៍ ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបសម្ដេចបានផ្ដល់ជាថវិកា ដើម្បីយកមកសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBTS មាន ២ខ្សែ ទទឹងប្រវែង ៥ម៉ែត្រ និងបណ្តោយ សរុបប្រវែង ៣.១៨៥ម៉ែត្រ ដែលផ្លូវនេះអាចសាងសង់រួចរាល់ ក្នុងរយៈពេល ៤ ខែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមដងផ្លូវ សូមចូលរួមសហការជាមួយអាជ្ញាធរ ប្រសិនបើការស្ថាបនានេះ មានការប៉ះពាល់លើក្បាលដី បន្តិចបន្តួច សូមបងប្អូនជួយសម្របសម្រួល ធ្វើយ៉ាងណា ដើម្បីឲ្យដំណើរការស្ថាបនាផ្លូវនេះ អនុវត្តទៅស្របតាមទំហំបច្ចេកទេស ដែលមាននៅក្នុងកិច្ចសន្យា នឹងធ្វើឱ្យផ្លូវមានទំហំស្អាតផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ម្យ៉ាងទៀត ពេលនេះជារដូវវស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈីក និង ជំងឺគ្រុនឈាម ជាដើម ពោលគឺភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម ៕

To Top