ព័ត៌មានជាតិ

អាជ្ញាធរ រុះរើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ ៩៥%

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការ រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតមកដល់ពេលនេះ អាជ្ញាធរអនុវត្តការងារ របស់ខ្លួនសម្រេចបាន ប្រមាណ៩៥ភាគរយហើយ ។ ការងារទាំងនេះ ត្រូវបានចាត់ទុកថា អនុវត្តយ៉ាងរលូន និងទទួលបានជោគជ័យ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា ខណ្ឌចំនួន៦មានផ្ទះបណ្ដែតទឹក បែរត្រី និងសំណង់មិនរៀបរយ នៅតាមដងទន្លេមានចំនួន១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះ មានប្រភេទជាបែរត្រី សំណង់មិនរៀបរយ ដាយត្រី និងទូកនេសាទ។

លោកថា ក្នុងចំណោម១ ៤៧២ទីតាំងមានប្រជាពលរដ្ឋ ស្ម័គ្រចិត្តរុះរើចេញ មកលើគោក ចំនួន១ ២៤២ទីតាំង ។

លោកបន្តថា “ចំពោះទីតាំងចល័ត យើងបានរៀបចំឲ្យពួកគាត់ ចិញ្ចឹមត្រីជាបណ្តោះអាសន្ន ចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់ រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤កន្លែង ។ ទីតាំងទី២ នៅជាប់និង ស្រុកលើកដែក ចំនួន១៩កន្លែង ខណៈទីតាំង ដែលបាននិងកំពុងរុះរើ មានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ ភាគរយ គិតមកដល់ពេលនេះ” ។

លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិងសំណង់ មិនរៀបរយនៅលើផ្ទៃទឹក តាមដងទន្លេ នៅរាជធានីភ្នំពេញនេះ ទទួលបាន ជោគជ័យ ដោយសារមានវិធានការ ចំពោះមុខល្អប្រសើរ ដោយសហការ បានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រ ពីមហាជន យ៉ាងពេញទំហឹង ។

ក្នុងកិច្ចប្រជុំនេះដែរ លោកប៉ា សុជាតិវង្ស បានកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អនុវត្តរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹក បានយ៉ាងល្អប្រសើរ និងទទួលជោគជ័យ ។

គួរបញ្ជាក់ថា ការចុះទៅរុះរើ បែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកផ្ទះតូចៗ និងសំណង់ មិនរៀបរយលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ និងកុំឲ្យប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៊ី ពិសេសកុំបន្តការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញ កាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាត់យ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកផងដែរ ៕

To Top
×