ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ក្រោយឆមាសទី១ មានមនុស្ស២០៩នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍(Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ឲ្យគ្រប់ៗគ្នា ព្រោះឆមាសទី១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ ២០៩នាក់ និងរងរបួស ១៧៩២នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បញ្ជាក់ថា ក្នុងរយៈពេល១ឆមាសនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឲ្យស្លាប់មនុស្ស២០៩នាក់ និងរបួស១៧៩២នាក់ ក្នុងនោះ របួសធ្ងន់១០៤៦នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ ចរាចរណ៍កាលពីឆ្នាំមុន បានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះ ស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ»។

សម្ដេចរៀបរាប់ថា មូលហេតុនៃគ្រោះថ្នាក់ពាក់ព័ន្ធនឹងល្បឿន ៣៤ភាគរយ , មិនគោរពសិទ្ធិ២៣ភាគរយ , បត់៩ភាគរយ , មិនប្រកាន់ស្តាំ១៦ភាគរយ , វ៉ាជែង៨ភាគរយ , ស្រវឹង៣ភាគរយ , យានយន្ត ៣ភាគរយ និងងងុយ ១ភាគរយ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ ចរាចរណ៍ឲ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងគ្រប់ពេលវេលា។ បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃសូមរួមគ្នា គោរពច្បាប់ឲ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អនោះនឹងធ្វើឲ្យស្ថានភាពចរាចរណ៍ នៅក្នុងប្រទេសយើង មានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើង កិត្តិយសជាតិ ផងដែរ»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀត រយៈពេល៦ខែ ឆ្នាំ២០២១ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ត ចំនួន១០២,៩៩៥គ្រឿង រួមមាន ៖ ម៉ូតូល្មើស ចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះ ការល្មើសដោយសារមិនពាក់មួកសុវត្ថិភាព មាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។

រដ្ឋមន្ដ្រីមហាផ្ទៃ បានបន្ថែមថា រកឃើញរថយន្តល្មើស ចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះ រថយន្តល្មើសខ្សែក្រវ៉ាត ៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក ១ភាគរយ និងអាជីវកម្ម ១ភាគរយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top