Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ចេញបទបញ្ជាកុំឱ្យធ្វេីកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសព អ្នកជំងឺកូវីដ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់បទបញ្ជាដល់ភាគីពាក់ព័ន្ធថា គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវអនុញ្ញាតឲ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យឡើយ។

តាមសេចក្តីណែនាំបន្ថែម អំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ដល់អភិបាលរាជធានី-ខេត្ត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួង ដាក់ឲ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

លោក បានថ្លែង ថា «វីរុសកូវដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឲ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ»។

លោក បានបញ្ជាក់ថា សាកសព ត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូស មុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។

លោក បានបន្ដថា ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ឬជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

លោក បានបន្ថែមថា ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១.៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានផ្តាំដល់អភិបាលរាជធានី-ខេត្ត ធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព និងលើកទឹកចិត្តដល់មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចការបូជា ឬបញ្ចុះសព កុំឱ្យមានការភ័យខ្លាច ឬមន្ទិលសង្ស័យ និងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០,៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៥២,៤៧៥នាក់ និងស្លាប់ចំនួន ៩០២នាក់៕

To Top