ព័ត៌មានជាតិ

អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅផ្ទះ មិនអនុញ្ញាតចេញក្រៅ បើល្មើសវិធានសុខាភិបាលនឹងចាត់ការតាមច្បាប់

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកមើលថែអ្នក ជំងឺកូវីដ-១៩ និងអ្នកជំងឺព្យាបាល នៅផ្ទះមិនត្រូវអនុញ្ញាត ឲ្យចេញក្រៅផ្ទះឡើយ បើល្មើសនឹងវិធានការ សុខាភិបាលជំហ៊ានដំបូង ត្រូវអប់រំពួកគាត់ បើសិននៅតែបន្ដទៀត នឹងមានវិធានការតាមផ្លូវច្បាប់ហើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក កើត ឆែ បានថ្លែងថា កម្ពុជាមានច្បាប់គ្រប់គ្រង អ្នកជំងឺកូវីដ-១៩ ដូច្នេះ ការព្យាបាលជំងឺកូវីដ-១៩ ត្រូវតាមដានចូលរួមទាំងអស់គ្នា ។ បើសិនអ្នកព្យាបាលជំងឺកូវីដ-១៩ណាមួយ មានចេតនាផ្ទុយពីច្បាប់ ជំហ៊ានដំបូងត្រូវធ្វើការអប់រំ បើពួកគាត់នៅតែប្រព្រឹត្តិកំហុសទៀត នឹងមានវិធានការតាមច្បាប់ ។

លោកបញ្ជាក់ថា «បើគាត់ល្មើសចេញក្រៅ អីចឹងចេតនាគាត់តម្រូវការទិញស្បៀង គាត់ភ្លេចទាក់ទងទៅអាជ្ញាធរ ធ្វើការអប់រំគាត់ជំហ៊ានទីមួយ ។ បើជំហ៊ានទីពីរអប់រំគាត់ ហើយនៅតែបន្ដទៀត យើងមានវិធានការច្បាប់ ។ វិធានការច្បាប់ របស់យើង ត្រូវផាកពិន័យ ហើយវិធានការទោស ទណ្ឌតាមពន្ធនាគារ ។ ប៉ុន្ដែយើងជឿថា មិនដែលអនុវត្តដល់ទោស ទណ្ឌពន្ធនាគារទេ ទោះបីច្បាប់យើងមានក៏ដោយ»។

លោកបន្ថែមថា នៅពេលមានប្រជាពលរដ្ឋស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ អាជ្ញាធរនឹងដាក់ផ្លាកសញ្ញាថា «មានអ្នកព្យាបាលជំងឺកូវីដ-១៩» ដាក់នៅមុខផ្ទះគាត់តែម្ដង។ លោកថា បើសិនមានបញ្ហាអ្វីមួយ អ្នកជិតខាងនឹងរាយការណ៍ទៅអាជ្ញាធរតាមមូលដ្ឋាន ជាពិសេសអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវបំផុត។

ដោយឡែក លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះបាន ផ្ទះត្រូវមានបន្ទប់ដាច់ដោយឡែក និងមានលក្ខណៈយ៉ាងត្រឹមត្រូវបំផុត។ មុននឹងដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ អាជ្ញាធរមូលដ្ឋាន នឹងចុះទៅពិនិត្យទីតាំងជាមុនសិន ។

លោកបានឲ្យដឹងថា «សមាជិកគ្រួសារ ដែលមានពាក់ព័ន្ធក្នុងដំបូលផ្ទះតែមួយ ត្រូវបានហាមឃាត់ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម ឬទៅបំពេញកិច្ចការ ក្នុងរយៈពេលដាក់អ្នកជំងឺកូវីដ ព្យាបាល ក្នុងដំបូលផ្ទះតែមួយ ។ មានន័យថា គាត់ប៉ះពាល់ផ្ទាល់ ប៉ុន្ដែហានិភ័យគាត់ ប្រសិនបើគាត់ចេះធ្វើបាន តាមការណែនាំរបស់វិធានសុខាភិបាល មានហានិភ័យទាបក្នុងការចម្លង ដូច្នេះ អ្នកទាំងអស់ ត្រូវបានដាក់ខ្លួនដោយដាច់ឡែក រយៈពេល១៤ថ្ងៃ ស្មើនឹងអ្នកធ្វើចត្តាឡីស័កដែរ»។

លោកក៏បានអំពាវនាវដល់អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល ហើយអ្នកក្នុងផ្ទះជាមួយ ត្រូវលើកទឹកចិត្តដល់អ្នកជំងឺ ដើម្បីឲ្យឆាប់ជាសះស្បើយ ៕

To Top