ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក ពិភាក្សាបញ្ហាប្រឈមនានា

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា ការចូលរួមកិច្ចប្រជុំពិសេសនេះតាមការអញ្ជើញរបស់លោករដ្ឋមន្រី្តការបរទេសឡាវជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេស សហរដ្ឋអាមេរិក រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នា ផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។

ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top