ព័ត៌មានជាតិ

រដ្ឋមន្ដ្រី​កសិកម្ម ៖ ជនជាតិ​វៀតណាម​ ត្រូវផ្អាក​ចេញ-ចូល​កម្ពុជា ​ជាបណ្ដោះ អាសន្ន (Video)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ កក្កដា តាមរយៈលិខិតមួយច្បាប់ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ចឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈ នៃការរីករាលដា​ល​ ជំងឺកូវីដ-១៩។

ការផ្អាកនេះ ធ្វើឡើងតាម អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នាថ្ងៃទី១១ កក្កដា សម្តេចតេជោ បានស្នើសុំឲ្យបណ្តា ក្រុមហ៊ុនវៀតណាម កំពុងមានវត្តមាន ធ្វើការវិនិយោគនៅកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពី កម្ពុជាទៅវៀតណាម និងពីវៀតណាម​ មកកម្ពុជាវិញ ជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកលនៃ ឍជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល នាពេលបច្ចុប្បន្ន។ នេះបើយោងតាម លិខិតរបស់ក្រសួកសិកម្ម ចុះហត្ថលេខា​ដោយលោក វេង សាខុន ។

តាមលិខិរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា «ប្រធាន ឬតំណាង ក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគ លើសម្បទាន ដីសេដ្ឋកិច្ច នៅកម្ពុជាទាំងអស់ជ្រាបថា ដោយយោងតាម ​អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ កក្កដា បានស្នើសុំឲ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមាន​ធ្វើការវិនិយោគនៅកម្ពុជា ផ្អាកការធ្វើ ដំណើរឆ្លងកាត់ ពីកម្ពុជា ទៅវៀតណាម និងពីវៀតណាម មកកម្ពុជាវិញ ​ជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាម ទាំងអស់”។

លោករដ្ឋមន្ដ្រី ក៏បានសង្ឃឹមថា ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ច និង ចាត់វិធានអនុវត្ត ឲ្យមានប្រសិទ្ធភាពបំផុត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top