ភ្នំពេញ ៖ ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា បើសិនពិភពលោកមិនប្រកាន់យកពហុភាគីនិយម គឺមិនអាចយកឈ្នះ លើជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ន និងអនាគតបានទេ ។
តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» ចាប់ពីថ្ងៃ១៣-១៤ កក្កដា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា បច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល ២ឆ្នាំចុងក្រោយរួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុត នៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញ នៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេល បន្ទាប់ ។
ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ខណៈសហគមន៍អន្តរជាតិព្យាយាម ជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត គឺត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឲ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យប្រទេសជា សមាជិកចលនាមិនចូលបក្សសម្ព័ន្ធដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្ន របស់ប្រទេសអភិវឌ្ឍន៍ប្រឆាំង នឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង ។
ប្រមុខការទូតកម្ពុជាបញ្ជាក់ថា «ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយ នូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ។ ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជា ការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។ បើសិនជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើ ជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿន នៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះទេ» ។
លោកប្រាក់ សុខុន គូសបញ្ជាក់ទៀតថា តាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។ លោកជឿជាក់ថា សព្វថ្ងៃក្នុងពិភពពហុភាគី នៃការក្រកួតប្រជែងប្រកបដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយសហស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្រប ជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ ៕