ព័ត៌មានជាតិ

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ៖ ស្តេចថៃផ្តាំកូនចៅ ជំនាន់ក្រោយថា ត្រូវយកវប្បធម៌ខ្មែរល្អៗ មកច្នៃឲ្យទៅជារបស់ថៃ

ភ្នំពេញ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរដែលកំពុងរស់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានថ្លែងថា កូនចៅជំនាន់ក្រោយរបស់ជនជាតិថៃ បានធ្វើតាមបណ្តាំស្តេចថៃ កាលពីអតីតកាលដែលបានផ្តាំមកថា ត្រូវយកវប្បធម៌ល្អៗពីខ្មែរ មកកែច្នៃឲ្យក្លាយជារបស់ខ្លួន ។

ជាមួយគ្នានេះដែរ លោកក៏បានឲ្យកូនខ្មែរ ត្រូវស្តាំតាមបណ្តាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលមានព្រះតម្រិះថា “ដើម្បីរក្សាទឹកដី និងអំណាចអាណាចក្រខ្មែរ ត្រូវកសាងធនធានមនុស្ស ត្រូវផ្តល់តម្លៃដល់អ្នកមាន ចំណេះដឹងជ្រៅជ្រះ”។

ការថ្លែងរបស់លោកនេះ ក្រោយមានការសង្ស័យថា ភាគីថៃសាងសង់ប្រាសាទមួយ នៅក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដោយបានចម្លង ឬយកតាមរចនាបថ របស់ប្រាសាទអង្គរខ្មែរ ប៉ុន្តែព្រះចៅអធិការវត្តនេះ អះអាងថា មិនបានលួចចម្លងពីប្រាសាទអង្គរវត្តខ្មែរទេ គឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួនដែលមាន ក្នុងតំបន់នោះស្រាប់។

លោក ឥន្ទ សុផល នាថ្ងៃ១៤ កក្កដា នេះ បានបង្ហាញពីប្រវត្តិសាស្រ្តរបស់ថៃថា ជនជាតិថៃធ្វើច្រើនជាងនិយាយ ។ ដំណាក់កាលទី១យកដី ដំណាក់កាលទី២យកវប្បធម៌។ កូនស្តេចថៃ ភាគច្រើនបានរៀនសូត្រខ្ពង់ខ្ពស់ នៅសាកលវិទ្យាល័យ OXFORD អង់គ្លេស , ជំនាញយោធា , ច្បាប់ និងបុរាណវិទ្យា។

លោករៀបរាប់ថា “វិស័យអប់រំព្យាយាមខិតខំ កែច្នៃកាឡៃប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ តាមរយៈការផ្សព្វផ្សាយជាសកល ដូចជា ប្រាសាទបុរាណខ្មែរ , ក្បាច់គុណបុរាណខ្មែរ , សម្លៀកបំពាក់រចនាបថអង្គរ…។ល។ ប៉ុន្តែថៃមិនធ្វើឲ្យដូចទាំងស្រុងទេ គឺធ្វើតាមបណ្តាំស្តេចថៃថា កូនចៅត្រូវយកវប្បធម៌បរទេស(ខ្មែរ)ល្អៗ មកកែច្នៃឲ្យទៅជារបស់ថៃ”។

លោកឲ្យដឹងទៀតថា ថៃបានយកសិលាចារិក ស្រៈ, ព្យញ្ជនៈ និងលេខខ្មែរទៅតាំងនៅក្នុងសារមន្ទីរបាងកក រួចសរសេរថា “ស្រៈ, ព្យញ្ជនៈ និងលេខថៃ” ។ ចុះខ្មែរម្ចាស់ដើម តើបានអ្វីជាសម្អាង ក្រៅពីដើរយកស្រះឬព្យញ្ជនៈ មួយតួៗមកបង្ហាញលើ Facebook ? ខណៈថៃជាប្រទេសអ្នកមាន អាចធ្វើបានគ្រប់មធ្យោបាយ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន លើឆាកអន្តរជាតិ ទាំងផលិតផល , វប្បធម៌ប្រពៃណីទំនៀមទម្លាប់ , ម្ហូបអាហារ….។ល។

អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែររៀបរាប់បន្តថា សូម្បីតែម៉ាកផលិតផលជាច្រើន ក៏ថៃបានយកប្រាសាទខ្មែរទៅដាក់ដែរ ដែលក្រសួងការបរទេសបាន ចាត់ការជាបន្តបន្ទាប់មិនចេះចប់ ។ នៅតំបន់ទេសចរណ៍បានបង្ហាញ ពីសម្លៀកបំពាក់ប្រពៃណីថៃ ដោយជួលឲ្យអ្នកទេសចរស្លៀកពាក់ ថតទុកជាអនុស្សាវរីយ៍ ដែលជាការទាក់ទាញមួយដ៏ល្អ តើខ្មែរមានទេ?។

លោក ឥន្ទ សុផលក៏បានឲ្យកូនខ្មែរ ត្រូវចាំបណ្តាំដូនតាផងដែរ។ ត្រូវស្តាំតាមបណ្តាំរបស់ព្រះបាទជ័យវរ្ម័នទី៧ មានព្រះតម្រិះថា “ដើម្បីរក្សាទឹកដី និងអំណាចអាណាចក្រខ្មែរ ត្រូវកសាងធនធានមនុស្ស ត្រូវផ្តល់តម្លៃដល់អ្នកមាន ចំណេះដឹងជ្រៅជ្រះ” ហេតុនេះព្រះអង្គបានផ្គត់ផ្គង់មាសប្រាក់ ទ្រព្យសម្បត្តិជាច្រើនដល់សាស្ត្រាចារ្យចំនួន ៤៣៩នាក់ និងអ្នកប្រាជ្ញស្រាវជ្រាវចំនួន ៩៧០នាក់ នៅក្នុងប្រាសាទតាព្រហ្ម។

លោកថា ដូច្នេះកុំអង្គុយរង់ចាំរដ្ឋាភិបាលធ្វើអ្វីៗ គ្រប់យ៉ាងសម្រាប់ពលរដ្ឋ រដ្ឋាភិបាលបាននាំសន្តិភាពជូនប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋត្រូវចាប់ផ្តើម ធ្វើអ្វីគ្រប់យ៉ាងដែលអាច ធ្វើទៅបានជាពិសេស ធ្វើខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ និងជាធនធានរបស់សង្គម ។

លោកក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ដើម្បីរក្សាវប្បធម៌ប្រពៃណីខ្មែរអង្គរ និងទាក់ទាញអ្នកទេសចរ គួរយកស្រុកបន្ទាយស្រី ជាស្រុកគំរូមួយធ្វើឲ្យក្លាយទៅជា ស្រុកបុរាណទាំងលំនៅដ្ឋាន និងប្រជាពលរដ្ឋ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top