ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល បញ្ជាមន្ទីរសាធារណការរាជធានី- ខេត្ត រក្សាយានយន្តចាប់ឃាត់ទុក១ឆ្នាំ ឲ្យត្រឹមត្រូវ និងមិនដោះលែងជាដាច់ខាត (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ថែរក្សាយានយន្តដែលចាប់ឃាត់ទុករយៈពេល ១ឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុស ត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។

លោកបានណែនាំឲ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និងមន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តការចេញប័ណ្ណបើកបរឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា «សំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយសហការជាមួយ ក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេស ក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានសំណូមពរ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សាយានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេល មួយឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់»។

លោកបន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តវិធានការនេះឲ្យដូចភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរ ឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយមាត្រា ៦០ ដែលចែងថា ៖ ឡានដឹកលើស២០%ត្រូវ ឃាត់ទុកមួយឆ្នាំ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់ អំពីមាត្រាច្បាប់និងការដាក់ទោសទណ្ឌឲ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា «ធ្វើផ្លូវជាប់រហូត»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យមន្ត្រីទទួលបន្ទុក ប្ដេជ្ញាចិត្តធ្វើការងារតាមលក្ខណៈបច្ចេកទេសសាងសង់ផ្លូវឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវ ធ្វើការងារឲ្យរួចពីដៃ ធ្វើម្ដងធ្វើឲ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ ៕

To Top