ព័ត៌មានជាតិ

នីតិវិធីដកពិន្ទុ លើបណ្ណបើកបរ តាមទូរសព្ទដៃ គ្រោងដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាននិងកំពុងពន្លឿន ការរៀបចំនីតិវិធី អនុវត្តការដកពិន្ទុ លើបណ្ណបើកបរ តាមរយៈកម្មវិធីទូរស័ព្ទដៃ ស្មាតហ្វូន ដើម្បី ពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅកម្ពុជា។

កាលពីថ្ងៃទី១៤ កក្កដា តាមប្រព័ន្ធវីដេអូ Zoom លោក ឈួន វ៉ន់ អគ្គនាយកនៃ អគ្គនាយក ដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងារ នៃការរៀបចំកម្មវិធីដកពិន្ទុ បណ្ណបើកបរ និងពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក ។

បច្ចុប្បន្ន ក្រុមការងារជំនាញ នៃក្រសួង សាធារណការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំឯកសារពាក់ព័ន្ធ និងតភ្ជាប់ប្រព័ន្ធ ដើម្បីឲ្យកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ឲ្យរួចរាល់ មុននឹងរាយការណ៍ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចុងខែកក្កដា ឆ្នាំ២០២១ និងទិសដៅប្រើប្រាស់ផ្លូវការ នៅដើមឆ្នាំ២០២២ ។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាព យានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុ ចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាន នៃបទល្មើស ដូចជា ៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿន កំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

សូមជម្រាបថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឲ្យគ្រប់បណ្ណ បើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាន នៃការប្រព្រឹត្តបទ ល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណ បើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ ៕

To Top