ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី ១២-១៧ឆ្នាំរួច អាចឈានបើក សង្គម សេដ្ឋកិច្ច និងសាលាវិញ(Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។

ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។

សម្តេចតេជោបន្តថា “ការធ្វើបែបនេះ (ចាក់វ៉ាក់សាំង) យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ជាពិសេសសាលារៀនដែលយើងបានផ្អាក បានបិទសាលាហើយឲ្យរៀនពីចំងាយ តាមរយៈប្រព័ន្ធអនឡាញ” ។

សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យយ៉ាងហោចណាស់ ក៏អាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅដែលកុមារ និងយុវវ័យពី១២ឆ្នាំឡើងទៅ ពួកគេអាចស្ថិតនៅក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេមានលទ្ធភាពដើម្បីរក្សាគំលាតក្នុងសង្គម គំលាតក្នុងថ្នាក់ ខុសប្លែកពីកុមាររៀនបឋមដែលមិនចេះពាក់ម៉ាស់ និងមិនចេះការពារខ្លួនតាមរបៀបរក្សាគំលាត” ។

សម្តេចតេជោ ក៏បានអំពាវនាវទៅដល់អាណាព្យាបាល ឬឪពុក-ម្តាយត្រៀមខ្លួនបញ្ជូនកូនៗទៅចាក់វ៉ាក់សាំង ក្នុងគ្រាដែលនឹងមកដល់នាពេលខាងមុខ ។

សម្តេចតេជោបន្ថែមថា អ្នកបានចាក់វ៉ាក់សាំងរួចហើយបានជួយទប់ស្កាត់ នៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងមែន ក៏មិនធ្វើឲ្យមានជំងឺធ្ងន់ធ្ងរ ឬឈានទៅដល់ការស្លាប់នោះទេ ។

ជាមួយគ្នានេះ សម្តេចក៏បានឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុពី១២-១៧ក្នុងពេលដំណាលគ្នា ជាមួយក្រុមមមនុស្សអាយុពី១៨ឆ្នាំឡើងទៅដោយចាប់ផ្តើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល បន្ទាប់មកខេត្តព្រះសីហនុ ធ្វើដូចករណីដែលបានធ្វើកន្លងមក ។ សម្តេចក៏បានផ្តល់ជម្រើសមួយទៀត ដោយអាចចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុ១៨ឡើងទៅរួចហើយ ត្រូវចាប់ផ្តើមចាក់ឲ្យកុមារអាយុពី១២-១៧ឆ្នាំ ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានឲ្យក្រុមគ្រូពេទ្យដែលចាក់រួចរាល់ឲ្យពលរដ្ឋចាប់ពី១៨ឆ្នាំឡើងដែលមានដូចជាខេត្តកណ្តាល និងភ្នំពេញជាដើមនោះ បន្តការងារនេះ ចាក់ឲ្យក្មេងៗពី១២-១៧ឆ្នាំតែម្តងដោយមិនចាំបាច់មានកិច្ចអន្តរាគមន៍ពីក្រុមកងទ័ពទេ ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្តាល ក៏ដូចជាខេត្តព្រះសីហនុត្រៀមចាក់វ៉ាក់សាំងឲ្យកុមារនិងយុវវ័យអាយុពី១២-១៧ឆ្នាំ ក្នុងនោះក៏ត្រូវត្រៀមបំរុងទុកជាមុនផងដែរ នូវវ៉ាក់សាំងសម្រាប់ឲ្យកុមារអាយុជាង១១ឆ្នាំដែលនឹងឈានចូល១២ឆ្នាំ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top