ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ៤វត្ត ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម។

តាមមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឲ្យដឹងថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោចខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។


សូមបញ្ជាក់ថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនជូនវត្តទាំង ៤ ក្នុងក្រុងកំពង់ចាម នាពេលនេះ ក្នុង១វត្ត មានដូចជា៖ ទៀនវស្សា ចំនួន ១គូរ អង្គរ,ចំនួន ២០០ គីឡូក្រាម, ទឹកសុទ្ធចំនួន៥ កេស, ទឹកក្រូច ចំនួន ៥កេស,ត្រីខ ចំនួន ១ កេស, មីចំនួន ១០ កេស,ទឹកត្រីចំនួន ៥ យូរ,ទឹកស៊ីអីវ ចំនួន ៥យូរ, ទឹកដោះគោ ខាប់ ចំនួន ១ កេសធំ,ស្ករសចំនួន ០៥ គីឡូក្រាម,តែចំនួន ១៥ គីឡូក្រាម,ចង្ហាន់ ចំនួន ៩ ស្រាក់,ផ្លែឈើចំនួន ៩ កន្ត្រក , ទេយ្យវត្ថុ ចំនួន ៩,បច្ច័យ មួយចំនួនផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top