ព័ត៌មានជាតិ

កម្ពុជា-PCAsia ចុះMOU ពង្រឹងក្របខណ្ឌសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និងជំនាញមន្រ្តី

ភ្នំពេញ ៖ តំណាងឲ្យកម្ពុជាលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្រ្តីសភាកម្ពុជា និងការអនុវត្តសកម្មភាពដទៃក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភាដទៃ សំដៅលើកកម្ពស់ការអនុវត្តមុខងាររបស់សភា ។

លោក អ៊ុំ សារឹទ្ធ និងលោក ឡេង ប៉េងឡុង ថ្លែងអំណរគុណវិទ្យាស្ថានសភាកម្ពុជា(PIC)ដែលបានសហការជួយគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សរបស់សភាកម្ពុជា និងសភាតំបន់កន្លងមក។ លោកទាំងពីរ ក៏បានអបអរសាទរការវិវត្តរបស់វិទ្យាស្ថានសភាកម្ពុជាទៅជាមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមចំណែកដល់ការពង្រឹក សមត្ថភាពមន្រ្តីសភាកម្ពុជានិងសភាតំបន់ ។

អគ្គលេខាធិការដ្ឋាន នៃសភាកម្ពុជា សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងអនុញ្ញាតឲ្យសភាកម្ពុជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមួយមជ្ឈមណ្ឌលសភាអាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្រ្តីសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពនានា ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាង សភាក្នុងតំបន់ និងសភា។

លោក គឹម យាត ដារ៉ារិទ្ធ បានបង្ហាញនការតាំងចិត្តរបស់មជ្ឈមណ្ឌលក្នុងការចូលរួមជួយគាំទ្រដល់ការ អភិវឌ្ឍធនធានមនុស្សរបស់សភាកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសភាកម្ពុជាដែលបានជួយគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយសភាអាស៊ី ៕

To Top