ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវពង្រឹងវិន័យ និងអនុវត្តបទបញ្ជាឱ្យម៉ឺងម៉ាត់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវព្រងឹងវិន័យ និងអនុវត្តបទបញ្ជា នៃការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មានតម្លាភាព។

ការលើករបស់ ក្រសួងអប់រំ បែបនេះបន្ទាប់ពីក្រសួង យល់ឃើញថា ការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ គោជល់ ប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា នាពេលថ្មីៗនេះ នៅស្ថានីយទូរទស្សន៍ CNC មានភាពមិនប្រក្រតី ដោយមិនបានអនុវត្តតាមបទបញ្ជា នៃការប្រកួតក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ថ្មីៗនេះ ក្រសួងអប់រំ បានបញ្ជាក់ថា «ណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់រវាងសហព័ន្ធ និងស្ថានីយទូរទស្សន៍ដៃគូឧបត្ថម្ភ ដើម្បីអនុវត្តការងារឱ្យមានការ ទទួលខុសត្រូវច្បាស់លាស់។ ពង្រឹងវិន័យ និងការអនុវត្តបទបញ្ជានៃ ការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មានតម្លាភាព និងយុត្តិធម៌»។

ក្រសួង បន្ដថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវអភិវឌ្ឍសមត្ថមភាពមន្ត្រី អាជ្ញាកណ្តាល ចៅក្រម និងស្នងការប្រកួតឱ្យមានសមត្ថភាពជំនាញ មនសិកា ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃកីឡា ជាពិសេសនោះ ដាក់ពិន័យដល់មន្ត្រីដែល ប្រព្រឹត្តខុសឆ្គងតាមទោសកំហុស ដែលបានប្រព្រឹត្ត និងលើកទឹកចិត្ត ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងមានស្នាដៃជាគំរូ ។

ក្រសួង បន្ថែមថា ករណីបញ្ហានេះកើតឡើងបន្តទៀត ក្រសួង នឹងផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាសស្តីពី ការអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបំពេញ ភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ៕

To Top