ព័ត៌មានជាតិ

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចុះសួសុខទុក្ខ និងនាំយកអំណោយ ចែកជូនលោកគ្រូ អ្នកគ្រូ ៣៦នាក់ កំពុងជាប់ធ្វើចត្តាឡីស័ក នៅសាកលវិទ្យាល័យ ជាតិមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការនគរបាល​ ខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល ក្រុមប្រឹក្សាខេត្ត និងសប្បុរសជន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារះ ថវិការ របស់លោក ស សុខា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនលោកគ្រូ អ្នកគ្រូ នៃសាលកវិទ្យាល័យជាតិមានជ័យ ចំនួន៣៦នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។

អំណោយ ដែលនាំមកចែកជូនថ្ងៃនេះ ​រួមមាន ថវិកាចំនួន ៣.៧២០.០០០រៀល​ ( បីលានចិតសិបពីរម៉ឺនរៀល) អង្ករ៩០០គីឡូក្រាម ទឹកសុទ្ធ១០៨កេស ទឹកក្រូច៣៦កេស មី០៩កេសធំ ត្រីខ០៤កេស ។ ក្នុង១នាក់ទទួលបាន ថវិកា៥ម៉ឺនរៀល – អង្ករ ២៥គីឡូក្រាម ទឺកសុទ្ធ៣កេស មី ១កេស ត្រីខ១យួរ និង ទឹកក្រូច១កេស។ ក្នុងនោះក៏បានឧបត្ថម្ភថវិការ ១,៩២០.០០០រៀល ដល់គណ:គ្រប់គ្រង សាកលវិទ្យាល័យ ចាត់ក្នុងអង្គភាពផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខ​ ដោយក្តីនឹករលឹក និងជម្រុញលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ត្រូវរស់នៅដោយអនាម័យ ប្រឹងហូបចុកឲ្យបានច្រើន គេងឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ និងបន្តអនុវត្តន៍គោលការណ៍ របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការីករាតត្បាតជំងឺកូវីត។

គួរបញ្ជាក់ថា មូលហេតុដែល លោកគ្រូ អ្នកគ្រូទាំង៣៦នាក់​ ធ្វើចត្តាឡីស័ក ដោយសារកន្លងទៅថ្មីៗនេះ មានអ្នកជិតខាងរបស់លោកគ្រូ អ្នកគ្រូមួយចំនួន កើតជម្ងឺកូវីត ក្រោយមកលោកគ្រូអ្នកគ្រូ ត្រូវបានធ្វើតេស្តរកសំណាក រកឃើញ២នាក់ មានវិជ្ជាមានកូវីត១៩ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាលភ្លាមៗ។ ចំពោះអ្នកប៉ះពាល់ប្រយោល ឲ្យធ្វើចត្តាឡីស័កទាំងអស់តែម្តង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top